រាជធានីភ្នំពេញ៖ ជាងដែកម្នាក់បាននាំប្រពន្ធទៅផឹកស៊ីថ្ងៃឆ្លងឆ្នាំសកល ហើយបានប្រចណ្ឌប្រពន្ធរបស់ខ្លួន ជាមួយនឹងប្រុសផ្សេង ក៏ផ្ទុះកំហឹងឡើងយ៉ាងក្រេវក្រោធ វាយតប់ប្រពន្ធ និង រុញនាងចូលរថយន្ដរបស់អ្នកដទៃ ដែលកំពុងតែបើកបររ ហើយចុងក្រោយក៏បានធ្វើអត្ដឃាត បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង ៣៥នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នៅក្នុងបន្ទប់រោងស្នាក់នៅ នៃការដ្ឋានសំណង់បុរីរិទ្ធីស័ក្ដ ស្ថិតក្នុងភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមបងប្អូនសាច់ញាតិ បានអះអាង ថា កាលពីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ជាងដែកម្នាក់នេះ បាននាំប្រពន្ធទៅចូលរួមផឹកស៊ី នៅក្នុងកម្មវិធីជប់លៀងឆ្លងឆ្នាំសកល នៅក្នុងរោងចក្រមួយកន្លែង។ ស្របពេលកំពុងតែផឹកនោះ ក៏មានមនុស្សប្រុសម្នាក់ បានហៅប្រពន្ធរបស់គាត់ ថា មេៗ សុំពឹងឲ្យហុចក្រដាស់ជូតមាត់បន្ដិច ដោយហុចរំលងពីមុខប្ដី។ ឃើញបែបនេះ គាត់ចាប់ផ្ដើមប្រចណ្ឌប្រពន្ធរបស់ខ្លួន ជាមួយមនុស្សប្រុសម្នាក់នោះ។ លុះពេលផឹកស្រវឹង បុរសជាជាងដែក បានជិះម៉ូតូដឹកប្រពន្ធ វិលត្រឡប់ទៅកន្លែងស្នាក់នៅវិញ ហើយបានរករឿងវាយប្រពន្ធ ចំនួន១ដៃ រួចហើយបានរុញប្រពន្ធ ចូលទៅពីខាងមុខរថយន្តរបស់អ្នកដទៃ ដែលកំពុងតែបើកបរ នៅតាមផ្លូវ នៅក្នុងបំណងឲ្យរថយន្តនោះ បុកប្រពន្ធឲ្យស្លាប់ ប៉ុន្តែសំណាងល្អ នាងមិនមានគ្រោះថ្នាក់។
ប្រភពដដែល បានបន្ដ ថា បន្ទាប់ពីឈ្លោះគ្នានៅតាមផ្លូវមិនអស់ចិត្ត ជាងដែកម្នាក់នេះ បានបន្ដឈ្លោះគ្នាជាមួយនឹងប្រពន្ធ កាន់តែខ្លាំង ខណៈមកដល់កន្លែងស្នាក់នៅវិញ។ ក្រោយមកទៀត ជាងដែកម្នាក់នេះ បានវាយបំផ្លាញចានឆ្នាំង និង ដុតកង្ហារចោលអស់។ ដោយសារតែឃើញប្ដីកំពុងតែផ្ទុះកំហឹងយ៉ាងខ្លាំងបែបនេះ ស្រ្ដីជាប្រពន្ធមានការភ័យខ្លាច ប្ដីវាយធ្វើបាប ទើបហៅម៉ូតូកង់បី ជិះគេចទៅដេក នៅផ្ទះជួលរបស់មិត្តភក្ដិ ជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំឲ្យប្ដីត្រជាក់ចិត្តសិន ទើបហ៊ានវិលត្រឡប់មកវិញ។ ប៉ុន្ដែក្រោយពេលបាត់ប្រពន្ធ ជាងដែកម្នាក់នេះ បានដើរតាមរកប្រពន្ធរហូតដល់រោងចក្រ និង កន្លែងផ្សេងៗទៀត នៅតែរកមិនឃើញ។ លុះមកដល់ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បុរសជាបន្ដី បានទិញស្រាបៀរ១យួរ ចូលទៅសំងំផឹក នៅក្នុងបន្ទប់តែម្នាក់ឯង ហើយនៅវេលាម៉ោង៣ និង៣៥នាទីរសៀលថ្ងៃដដែល ទើបមានមិត្តភក្ដិទៅហៅ តែអត់ឮសំឡេងឆ្លើយតប ខណៈទ្វារបន្ទប់ខ្ទាស់គន្លឹះពីខាងក្នុងទៀត។ បន្ទាប់មក មិត្តភក្ដិបានអើតមើលតាមប្រហោងជញ្ជាំង ក៏ប្រទះឃើញជាងដែកម្នាក់នេះ បានធ្វើអត្តឃាត ដោយយកខ្សែគោចងក ភ្ជាប់ជាមួយដំបូលរោងស្នាក់នៅ បណ្ដាលឲ្យបង់ជីវិតបាត់ ទើបមានការភ្ញាក់ផ្អើល និង រាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចម្រុះ បានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ ថា ជនរងគ្រោះ ពិតជាបានស្លាប់ ដោយការធ្វើអត្ដឃាតប្រាកដមែន៕