សាហាវណាស់! គ្រោះថ្នាក់ចរាចរណ៍ កេណ្ឌគ្នាជិះ១០នាក់ជិះរថយន្ដស្ទូច ដេញកាប់គូទំនាស់

03-មករា-2025 - ម៉ោង 06:27:PM

ខេត្តព្រះសីហនុ៖ ក្មេងពាលមួយក្រុមមានគ្នាជិត១០នាក់ បាននាំគ្នាជិះម៉ូតូ និង រថយន្ដ ដេញវាយ និង កាប់ប្រហារទៅលើជនរងគ្រោះមួយក្រុម បណ្ដាលឲ្យរងរបួស និង ខូចខាតម៉ូតូ ក៏ត្រូវបានសមត្ថកិច្ច ចេញប្រតិបត្ដិការបង្ក្រាប និង ឃាត់ខ្លួន ចំនួន៦នាក់ កាលពីវេលាម៉ោង៣ និង ២៦នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលព្រះថោង ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្រ្ដីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹង ថា នៅមុនពេលមានការឃាត់ខ្លួននោះ មានក្មេងទំនើងមួយក្រុម បានជិះម៉ូតូប៉ះពារគ្នា ជាមួយជនរងគ្រោះ នៅចំណុចជិតកាហ្វេប្រោន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ភ្លាមៗនោះ ជនសង័្សយបាននាំគ្នាជិះគេចខ្លួន ទើបជនរងគ្រោះ បានជិះម៉ូតូដេញតាមសុំសម្របសម្រួលគ្នា ពីរឿងគ្រោះថ្នាក់ចរាណ៍នេះ។ ប៉ុន្តែជនសង័្សយបែរជាបានចុចទូរស័ព្ទហៅបក្ខពួករបស់ពួកគេមកជួយ ដោយប្រាប់ថា មានគេជិះម៉ូតូដេញវាយ នៅចំណុចព្រះថោង។ លុះបន្ដិចក្រោយមក បក្ខពួករបស់ជនសង្ស័យ បានកេណ្ឌគ្នាមកសរុបចំនួន៩នាក់ ជិះរថយន្តស្ទួចមួយគ្រឿង និង ម៉ូតូមួយគ្រឿង ដេញបុកជនរងគ្រោះពីក្រោយ ដែលជិះម៉ូតូ២គ្រឿង ហើយបានធ្វើសកម្មភាពដេញកាប់ម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ រងការខូចខាត និង រងរបួសស្រាលចំនួន២នាក់។

ប្រភពព័ត៌មានដដែល បានបន្ដ ថា បន្ទាប់ពីមានករណីហិង្សាបែបនេះ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងព្រហ្មទណ្ឌ ចុះទៅសហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ស្រាវជ្រាវភ្លាមៗ រហូតកំណត់បានអត្ដសញ្ញាណរបស់ក្មេងទំនើងទាំងនោះ និង ឃាត់ខ្លួនបានចំនួន៦នាក់ រួមមាន៖ ១-ឈ្មោះ ហម ភៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង, ២-ឈ្មោះ នាយ វីថៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងភ្លើង, ៣-ឈ្មោះ នី វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងភ្លើង, ៤-ឈ្មោះ ធុ យុទ្ធីភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងភ្លើង, ៥-ឈ្មោះ ហម នៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងភ្លើង និង ៦-ឈ្មោះ ផា ម៉ាប់ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើង ជាអ្នកបើករថយន្ដធ្វើសកម្មភាព។ រីឯបក្ខពួកចំនួន៣នាក់ផ្សេងទៀត ដែលបានរត់គេចខ្លួន គឺ១-ឈ្មោះ ហ៊ីង ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មុខរបរជាងភ្លើង និង ២នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណ។ ក្មេងទំនើងទាំង៩នាក់នេះ ស្នាក់នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រៅពីការឃាត់ខ្លួនក្មេងទំនើងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន មានដូចជា៖ ពូថៅចំនួន១ដើម, ដែកបន្ទះចំនួន៥បន្ទះ, ទូរស័ព្ទចំនួន៣គ្រឿង, ម៉ូតូ១គ្រឿង និង រថយន្ត១គ្រឿង។

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចបានបញ្ជូនជនសង័្សយ និង វត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់។ ដោយឡែក បក្ខពួករបស់ក្មេងទំនើងចំនួន៣នាក់ ដែលបានគេចខ្លួន កំពុងតែស្ថិតក្រោមចំណាត់ការតាមចាប់ខ្លួនរបស់សមត្ថកិច្ច៕

ពត័មានពេញនិយម