អ្នកនាំពាក្យ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រាសម្រេចការសាងសង់បាន ១៦ភាគរយ បើគិតត្រឹមដំណាច់ឆ្នាំ២០២៤

04-មករា-2025 - ម៉ោង 05:48:PM


អ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានប្រកាសឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដែល​មាន​ប្រវែង​ជិតមួយគីឡូម៉ែត្រនោះគឺសាងសង់បានសម្រេចចំនួន១៦ភាគរយហើយ។


តាមរយៈផេកហ្វេសបុកផ្ទាល់នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ផន រឹម បានបញ្ជាក់ឲ្យ ដឹងថា «គិតត្រឹមតំណាច់ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែក​ប្រា សម្រេចបាន១៦%ហើយបន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា»។


បើតាម​អ្នកនាំពាក្យរូបនេះបានឲ្យដឹងផងដែរថាគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់-ចាក់​អង្រែ​ក្រោម មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ​២៧​ម៉ែត្រ, ផ្លូវ​តភ្ជាប់​ក្បាល​ស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។


សូមបញ្ជាក់ថាគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រានេះ ត្រូវ​បាន​អនុវត្ដ​ការ​សាង​សង់​ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេក​ទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹង​បញ្ចប់​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារអាម៉េរិក ដែល​ជា​ឥណទាន​សម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់​ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង​ពន្ធអាករ​ផ្សេង​ៗជាដើម៕

ពត័មានពេញនិយម