ខេត្តត្បូងឃ្មុំ ៖ បុរសជាឪពុកធំម្នាក់បានផឹកស្រា.សស្រវឹងធ្លាក់ភ្នែក ហើយស្ដីបន្ទោសឱ្យក្មួយប្រុសបង្កើត រហូតឈានដល់ប្រើអំពើហិង្សា ។ ដោយក្មួយបានយកកាំបិតកាប់ត្រូវក្បាលអ៊ំប្រុសមួយកាំបិតរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក អ្នករងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ចំណែកក្មួយជាជនដៃដល់មានសតិមិនសូវគ្រប់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ។
លោកញឹក តុន មេភូមិបុសចេក ប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី០៣ មករា ឆ្នាំ២០២៥ ថា ដើមហេតុដំបូងឪពុកធំឈ្មោះលី គ្រីម ភេទប្រុស អាយុ៥៣ឆ្នាំ បាននាំគ្នាផឹកស្រា.សជាមួយបុរសម្នាក់ទៀតនៅផ្ទះម្ដាយរបស់ខ្លួនតាំងពីព្រឹកថ្ងៃទី០២ មករា ដល់ពេលល្ងាចដោយអស់ស្រា.សជាច្រើនលីត្រ រហូតដល់ស្រវឹងធ្លាក់ភ្នែក ។
ស្របពេលដែលក្មួយប្រុសបង្កើតឈ្មោះសាត វ៉ាន់ណែត បានដឹកក្របីមួយហ្វូងចេញពីកន្លែងឃ្វាលយកមកដល់បរិវេណផ្ទះយាយបង្កើតរបស់ខ្លួន គ្រានោះត្រូវបានឪពុកធំឲ្យរើសសំបកខ្នុរយកបោះចោល ។ លោកមេភូមិបានបន្តឲ្យដឹងទៀតថា ដោយសារតែហត់ពេក ក្មួយមិនបានធ្វើតាមអ៊ំប្រុសណែនាំប្រាប់ រួចអ៊ំប្រុសក៏ស្ទុះមកច្របាច់ ក ក្មួយ ហេតុតែឈឺពេកក្រោយពិរើបំរះរួច ក្មួយប្រុសក៏ស្ទុះទៅយកកាំបិតមកកាប់ត្រូវក្បាលអ៊ំរបស់ខ្លួនមួយកាំបិតតែម្ដងទៅ។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង១៥នាទី ហិង្សាដោយចេតនា(កាប់នឹងកាំបិតផ្គាក់) នៅចំណុចផ្ទះរបស់ឈ្មោះតន់ គាន ភេទស្រី អាយុប្រហែល៧០ឆ្នាំ ស្ថិតនៅភូមិបុសចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក បណ្តាលឲ្យជនរងគ្រោះរងរបួសចំក្បាលជាទម្ងន់បានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។ លោកមេភូមិបុសចេកអះអាងថា ក្មួយប្រុស ដែលកាប់អ៊ំបង្កើតនេះ ពេលដែលកើតមកដឹងក្តីគ្នាមានសតិមិនសូវគ្រប់នោះទេ ។
លោកមេភូមិបានបន្ទោសថា អំពើហិង្សានេះគឺកើតឡើងដោយសារតែអ៊ំប្រុស ជាអ្នកធ្វើសកម្មភាពមុន ទើបឈានដល់អំពើហឹង្សាកើតឡើងយ៉ាងដូច្នេះ ។ ក្មួយប្រុសត្រូវបានប៉ុស្តិ៍រដ្ឋបាលទៅនាំខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីចាត់ការតាមនីតិវិធី។