ស្ដ្រី​ម្នាក់ឈឺពោះឆ្លងទន្លេរតាមផ្លូវ​​ បានក្រុម​គ្រូពេទ្យ​ជួយសម្រាលកូនដោយជោគជ័យ តែទារកមានទម្ងន់ត្រឹម១គីឡូក្រាមប៉ុណ្ណោះ

04-មករា-2025 - ម៉ោង 06:05:PM


ខេត្តព្រះវិហារ​ ៖ ស្ដ្រី​ម្នាក់​បាន​ឈឺពោះ​សម្រាលកូន​នៅ​តាម​ផ្លូវ ត្រូវ​បាន​ជំនាញ​ពេទ្យឆ្មប​នៃ​មណ្ឌល​សុខភាព​កោះ​កេរ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ខណៈ​ស្ដ្រី​រូប​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​កំពុង​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព ដើម្បី​សម្រាលកូន​ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​ ។

ស្ដ្រី​សម្រាលកូន​ខាងលើ​បាន​រៀបរាប់​ថា ក្នុង​ថ្ងៃ​កើតហេតុ​ណ៍ ខ្លួន​មិនដឹង​ថា​ ឈឺពោះ​សម្រាលកូន​នោះ​ទេ តែ​ក្រោយ​ពី​បត់ជើងតូច​ក៏​ស្រាប់​មាន​អាកា​រៈ​ឈឺពោះ​ចង់​សម្រាល ភ្លាម​ៗ​នោះ​ក្រុម​គ្រួសារ​ក៏​បាន​ហៅ​គោ​យន្ដ និង​រាយការណ៍​ទៅ​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ ​។​

ដោយសារ​លំនៅឋាន​​នៅ​ឆ្ងាយ​ពី​មណ្ឌល​សុខភាព ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ និង​អ្នក​ភូមិ​ក៏​បានទំនាក់ទំនង​ទៅ​កាន់​មណ្ឌល​សុខភាព​កោះ​កេរ ដើម្បី​សុំ​កិច្ច​អន្ដរាគមន៍​ជួយ​សង្គ្រោះ​ ។ 

បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី ពិន ចាន់​ថុ​ល ប្រធាន​មណ្ឌល​សុខភាព​កោះ​កេរ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម លោកស្រី​ក៏​បាន​បញ្ជូន​រថយន្ដ​គិលានសង្គ្រោះ និង​ជំនាញ​ពេទ្យឆ្មប​ដើម្បី​ទៅ​ទទួល លុះ​ពេល​កំពុង​ធ្វើ​ដំណើរ ក៏​បាន​ជួប​គោ​យន្ដ​ដែល​ដឹក​ស្ដ្រី​រូប​នោះ​តាម​ផ្លូវ​នៅ​ចំណុច​កើតហេតុ​ និង​បាន​ចុះ​ជួយ​សង្គ្រោះ​ដល់​ម្ដាយ និង​ទារក​បាន​ទាន់​ពេលវេលា​ ។

​បន្ទាប់​មក​ក៏​បាន​បញ្ជូន​ស្ដ្រី​ជា​ម្ដាយ និង​ទារក​មក​កាន់​មណ្ឌល​សុខភាព​កោះ​កេរ ដើម្បី​បន្ដ​ពិនិត្យ​ព្យាបាល​។

ពត័មានពេញនិយម