អគារពាណិជ្ជកម្មមួយនៅក្នុងទីក្រុង Seongnam ប្រទេសកូរ៉េខាងត្បូងត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ

04-មករា-2025 - ម៉ោង 05:41:PM

 


កូរ៉េខាងត្បូង៖ ខណៈនេះ កូរ៉េខាងត្បូង កំពុងជួបទុក្ខសោកផ្ទួនៗ ដោយនៅថ្ងៃសុក្រនេះ មានហេតុការណ៍អគ្គិភ័យមួយករណី បានឆាបឆេះអគារពាណិជ្ជកម្មដ៏ធំមួយស្ថិតនៅក្នុងទីក្រុងសឹងណាម (Seongnam) ខេត្តឃ្យឹងហ្គី (Gyeonggi) ភាគខាងត្បូងរដ្ឋធានីសេអ៊ូល ។ 

ទន្ទឹមនឹងនោះ មន្ត្រីពន្លត់អគ្គីភ័យ បានបញ្ជាក់ថា មនុស្សរាប់សិបនាក់ទទួលបានការជួយសង្គ្រោះ ឬជម្លៀសចេញពីអគារ ។ 

ក្នុងហេតុការណ៍នេះ ក្រុមអ្នកពន្លត់អគ្គិភ័យជាង ១០០នាក់ និងរថយន្តប្រមាណជា ៨២គ្រឿង បានធ្វើដំណើរឆ្ពោះទៅកាន់ទីកន្លែងកើតហេតុ ដើម្បីពន្លត់អគ្គិភ័យ។ តាមរយៈខ្សែវីដេអូពីប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីផ្សែងយ៉ាងខ្មៅខ្មួលខ្មាញ់ និងអណ្ដាតភ្លើងចេញពីក្នុងអគារជាន់ផ្ទាល់ដី ។ 

មនុស្សប្រហែល ៥០ នាក់អាចរត់គេចខ្លួនដោយខ្លួនឯង ខណៈបុគ្គលិកសង្គ្រោះបន្ទាន់ បានជួយសង្គ្រោះមនុស្ស ៤០ នាក់ផ្សេងទៀត ដោយមនុស្ស ១២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើមាននរណាម្នាក់នៅជាប់ក្នុងអគារកម្ពស់៨ជាន់ ដែលមានបន្ទប់ក្រោមដីច្រើនជាន់។ 

នាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា ខណៈមនុស្សមួយចំនួន ទទួលបានការសង្គ្រោះបឋម បន្ទាប់ពីស្រូបយកផ្សែង ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នករងរបួសធ្ងន់ធ្ងរនោះទេ ស្របពេលមូលហេតុនៃការឆាបឆេះនេះ គេក៏នៅមិនទាន់បានដឹងច្បាស់នៅឡើយដែរ ខណៈស្ថានការណ៍ជាបន្តបន្ទាប់ កំពុងស្ថិតនៅក្រោមការដានតាម ៕

ពត័មានពេញនិយម