សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយអតីតកម្លាំងពីគណបក្សផ្សេងៗនៅវិមាន៧មករា។
ក្នុងពិធីនោះឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ការជួបគ្នានាពេលនេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំខួបលើកទី ៤៦ នៃទិវាបុណ្យជាតិ ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា។ បើគ្មានថ្ងៃ៧មករាទេ គឺមិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ឯកឧត្ដម ក៏បានបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិក សមាជិការបក្សចំនួន ៧៣៣ ៤៥៣ នាក់។ គណបក្សប្រជាជនកម្ពុជាបានអូសទាញគណបក្សដទៃ ឲ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបានចំនួន ៤២៥៩នាក់ ដោយបានប្រកាសបញ្ជូលជាសមាជិកបក្សរួចរាល់ចំនួន ២៤៤១រូប នៅសល់ ១៨១៨រូប ដែលបានប្រកាសបញ្ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជានាព្រឹកនេះ។
ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបន្តទៀតថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីប្រមូលកម្លាំងអ្នកស្នេហាជាតិ ដើម្បីរួមគ្នាកសាងប្រទេសជាតិមួយនេះឲ្យមានឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនានៅកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញបានមានប្រសាសន៍ថា ពិធីនេះក៏បានធ្វើឡើងស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ស្របទៅតាមកាលៈទេសៈជាក់ស្ដែងរបស់ប្រទេសកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកផងដែរថា រូបសម្ដេចបានប្រកាសចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងពេលដែលប្រទេសជាតិ ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម តស៊ូយ៉ាងស្វិតស្នាញ ដើម្បីឯករាជ្យជាតិ ហើយការប្រកាសកាលនោះបានធ្វើឡើងដោយសម្ងាត់បំផុត ដោយមានអ្នកចូលរួមត្រឹមតែ៥រូបប៉ុណ្ណោះ មិនដូចពិធីដែលធ្វើឡើងនៅពេលនេះទេ។
សម្តេចវិបុលសេនាភក្តី បានបន្តថា សម្រាប់សមាជិក សមាជិកាទាំង ១៨១៨រូបនេះនឹងទទួលបានសិទ្ធិពេញលេញ ជាសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះសុំបងប្អូនកូនក្មួយទាំងអស់ដែលបានចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ធ្វើទំនាក់ទំនងល្អជាមួយគ្នា ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្សឲ្យបានល្អ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់បក្ស ជាមួយនឹងការជួយគ្នាដើម្បីភាពរីកចម្រើនរបស់គណបក្ស។
សម្ដេចបានមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់ការលំបាក រួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ស្ថានភាពគ្រប់ឧបសគ្គ ដើម្បីប្រទេសកម្ពុជាបានឯករាជ្យ ប្រជាធិបតេយ្យ។ គណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ១៩៧៩ ហើយត្រូវបានប្រជាពលរដ្ឋកម្ពុជាឲ្យថ្ងៃ៧មករានេះ គឺជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃ៧មករទេ គឺមិនមានអ្វីៗទាំងអស់ ហើយក៏មិនមានថ្ងៃនេះដែរ៕