ខេត្តកំពង់ស្ពឺ៖ អ្នកញៀនល្បែងប្រុសស្រី ជាជនជាតិខ្មែរ និង ចិន កំពុងតែពាក់ពពូនគ្នា លេងល្បែងស៊ីសង ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ស្ពឺ ឆ្មក់បង្ក្រាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន១៨នាក់ កាលពីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅក្នុងទីតាំងកាស៊ីណូអត់ច្បាប់មួយកន្លែង ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា នៅមុនពេលឈានដល់ការបង្ក្រាបនោះ សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៍ អំពីទីតាំងកើតហេតុ មានបង្កប់ល្បែងស៊ីសង ដោយខុសច្បាប់។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានស្រុក ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ឆ្មក់ចូលបង្ក្រាប និង ឃាត់ខ្លួនជនជាតិចិន និង ជនជាតិខ្មែរ សរុប១៨នាក់ និង រឹបអូសវត្ថុតាងបានមួយចំនួន។
ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចជំនាញ បានបញ្ជូនជនសង័្សយប្រុសស្រីទាំង១៨នាក់ និង វត្ថុតាងទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និង ចាត់ការបន្ដតាមនីតិវិធី៕