កាហ្សាក់ស្ថាន៖ យោងតាមសារព័ត៌មាន CGTN និងសារព័ត៌មានហាប៊ើលើ (Haberler) រួមទាំងប្រភពដទៃទៀត បានចុះផ្សាយកាលពីល្ងាចថ្ងៃសុក្រថា ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល បានបណ្ដាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលប៉ះពាល់ដល់រថយន្តចំនួន ៩៥គ្រឿងក្នុងពេលដំណាលគ្នា ។
រហូតមកដល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍មួយថាតើមានមនុស្សស្លាប់ ឬយ៉ាងណានោះទេ ដោយគ្រាន់តែសារព័ត៌មានហាប៊ើលើ (Haberler) បញ្ជាក់ថា ព្យុះព្រិលដែលស្ថិតនៅក្នុងកម្រិតសីតុណ្ហភាពរហូតដល់ -៣៨អង្សា កំពុងតែវាយប្រហារភាគខាងជើង និងភាគខាងកើតប្រទេសកាហ្សាក់ស្ថាន រហូតបង្កជាគ្រោះថ្នាក់ចរាចរណ៍ដ៏ធំនោះ បានបណ្ដាលឱ្យមនុស្ស ១២នាក់ទទួលរងរបួស ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនប្រតិបត្តិការផ្លូវជាតិកាហ្សាក់ស្ថាន បានរាយការណ៍ថា គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោង ១៣៖២៨នាទីរសៀល (ម៉ោងក្នុងស្រុកកាហ្សាក់ស្ថាន ឬម៉ោង ១៤៖២៨នាទីរសៀលនៅកម្ពុជា) ដោយទីតាំងគ្រោះថ្នាក់នេះ ស្ថិតនៅលើផ្លូវហាយវេ អាស្ថាណា-ប៉េត្រូវ៉ាល់ (Astana-Petropavl) ក្នុងរដ្ឋធានី នូរស៊ុលតង់ (Nur-Sultan) សម្រាប់ទិសដៅឆ្ពោះទៅកាន់ទីក្រុងស៊ូជីន (Shuchinsk) ដោយការប៉ះទង្គិចគ្នាអំឡុងអាកាសធាតុមិនអំណោយផលនេះ បានបណ្ដាលមកពីអ្នកបើកបរមិនគោរពល្បឿនកំណត់ និងមិនរក្សាគម្លាត ។
យោងតាមនាយកដ្ឋាននគរបាល បានឱ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះ កំពុងតែបន្ត ដើម្បីធានាសុវត្ថិភាព ខណៈក្រុមសង្គ្រោះបន្ទាន់ និងកងកម្លាំងសមត្ថកិច្ច កំពុងស្ថិតនៅទីកន្លែងកើតហេតុ ដោយនាំគ្នាធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីជម្លៀសរថយន្តដែលរងផលប៉ះពាល់ និងស្ដារសុវត្ថិភាពចរាចរណ៍ឡើងវិញ ៕