អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ឈ្មោះជាគម្រោងស្ថាបត្យកម្មល្អឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍

03-មករា-2025 - ម៉ោង 06:34:PM

មិន​មាន​ការពណ៌នា​រូបថត​ទេ។

អាស៊ីអាគ្នេយ៍៖ បើតាមសារព័ត៌មាន CNN បានសរសេរនៅលើគេហទំព័រ Style របស់ខ្លួនថា ប្រទេសកម្ពុជា កំពុងត្រៀមផ្លាស់ប្តូរអាកាសយានដ្ឋានអន្តរជាតិទីក្រុងភ្នំពេញរបស់ខ្លួន ជាមួយគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរបានច្រើនជាងមុនរហូតដល់ ៦ដង ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងមហិច្ឆតាវិវត្តន៍ខ្លួនឱ្យទៅជាមជ្ឈមណ្ឌលអាកាសចរណ៍នៅក្នុងតំបន់។ 

គម្រោងស្ថាបត្យកម្មព្រលានយន្តហោះអន្តរជាតិតេជោ ត្រូវគេចាត់ទុកជាស្ថានីយអាកាសចរណ៍ដ៏មានសក្កានុពលបំផុតមួយក្នុងចំណោមព្រលានយន្តហោះធំៗនៅតំបន់អាស៊ីអាគ្នេយ៍ ហើយគម្រោងនេះគ្រោងទទួលការផ្តត់ផ្គង់ថាមពលតាមរយៈកសិដ្ឋានថាមពលបន្ទះសូឡា ដែលញ៉ាំងឱ្យអាកាសយានដ្ឋាននេះ ស្ថិតក្នុងចំណោមគម្រោងអភិវឌ្ឍបៃតងបំផុតមួយរបស់ពិភពលោក។ 

ប្រភពដដែល បានរាយការណ៍បន្ថែមថា គម្រោងអាកាសយានដ្ឋានតេជោ គ្រោងបើកដំណើរការនៅខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយមានសមត្ថភាពទទួលបានអ្នកដំណើរប្រចាំឆ្នាំក្នុងដំណាក់កាលដំបូងចំនួន ១៣លាននាក់ មុននឹងកើនដល់កម្រិតអនុភាពប្រមាណ ៣០លាននាក់ ខណៈបច្ចុប្បន្ននេះ គម្រោងសាងសង់ សម្រេចបានប្រហែលជាង ៩០% និងចាយថវិកាអស់ជាង ១ពាន់៣រយលានដុល្លារអាម៉េរិក។ 

ប្រភពពីគេហទំព័រ CNN Style បានសរសេររៀបរាប់ទៀតថា គម្រោងស្ថាបត្យកម្មនេះ ត្រូវបានរចនាតាមបែបប្រពៃណីរបស់ខ្មែរ ដោយប្រើប្រាស់គ្រោងសសរធើ្វអំពីឈើសម្រាប់ទ្រទ្រង់ដំបូលស្ថានីយ "និងមានដើមឈើពិតៗដុះលម្អនៅកន្លែង" ហើយគ្រោងដំបូលដែលមានរចនាបថជាក្រឡាចត្រង្គតូចៗ អាចធើ្វការស្រួបយកពន្លឺថ្ងៃដើម្បីបំភ្លឺផ្នែកខាងក្នុងបានច្បាស់ល្អ ជាមួយនឹងការតុបតែងទៅដោយរុក្ខជាបៃតងស្រស់ស្អាតជាច្រើនផងដែរ។ 

គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទព្រលានយន្តអន្តរជាតិថ្នាក់ 4F ដែលអនុញ្ញាតឱ្យយន្តហោះខ្នាតយក្សធំៗ ដូចជា Boeing 747-800 និង Airbus A380-800 អាចធើ្វការចុះចតបាន ៕

ពត័មានពេញនិយម