ប្រទេសចិនកំពុងមើលឃើញ ការកើនឡើងនៃជំងឺផ្លូវដង្ហើម ដែលបង្កឡើងដោយមេរោគដូចជា rhinovirus និង human metapneumovirus អំឡុងរដូវរងា

04-មករា-2025 - ម៉ោង 06:09:PM


(ប៉េកាំង)៖ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សេចក្តីរាយការណ៍អំពី ការកើតមានជំងឺផ្លូវដង្ហើមចម្រុះប្រភេទ ត្រូវគេសង្កេតឃើញថា មានការកើនឡើង នៅក្នុងប្រទេសចិន ខណៈចិនបានដាក់ដំណើរការសាកល្បង នូវប្រព័ន្ធឃ្លាំមើលមួយ សម្រាប់តាមដាន ជំងឺផ្លូវដង្ហើមនានា ដែលប្រភពមកពីមេរោគ មិនធ្លាប់ស្គាល់ពីមុនមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters។

អាជ្ញាធរសុខាភិបាលចិន បានលើកឡើងថា ប្រទេសចិនទាំងមូល ទំនងជានឹងត្រូវបន្តរងផលប៉ះពាល់ ពីជំងឺឆ្លងពាក់ព័ន្ធផ្លូវដង្ហើម អំឡុងរដូវរងានេះ និងបន្តរហូតដល់អំឡុងរដូវផ្ការីក។ ករណីជំងឺផ្លូវដង្ហើម ដែលត្រូវបានរកឃើញ មួយរយៈចុងក្រោយនេះ រួមមាន​ទាំងមេរោគដូចជា rhinovirus និង human metapneumovirus ហើយក្នុងនោះករណី human metapneumovirus ក្នុងចំណោមក្មេងអាយុក្រោម១៤ឆ្នាំ បានបង្ហាញនិន្នាការកើនឡើង ជាពិសេសនៅតាមបណ្តាខេត្តភាគខាងជើង។

គួរបញ្ជាក់ថា ការបង្កើតប្រព័ន្ធឃ្លាំមើលខាងលើ មានគោលដៅចម្បងជួយអាជ្ញាធរចិន រៀបចំបទដ្ឋានច្បាស់លាស់ ដើម្បីទប់ទល់ជាមួយ​មេរោគ ដែលមិនធ្លាប់ស្គាល់ពីមុន គឺផ្ទុយទៅនឹងការត្រៀមលក្ខណៈដែលមានកម្រិតទាប កាលពីឆ្នាំ៥ឆ្នាំមុន នៅពេលវីរុស novel coronavirus ដែលបង្កជំងឺផ្លូវដង្ហើម COVID-19 បានលេចឡើងដំបូង នៅទីក្រុង Wuhan៕

ពត័មានពេញនិយម