ម៉ុងតេណេហ្គ្រោ៖ យោងតាមប្រភពពីអាជ្ញាធរបស់ប្រទេសម៉ុងតេណេហ្គ្រោ បានបញ្ជាក់ថា មានហេតុការណ៍បាញ់ប្រហារដ៏អាក្រក់មួយបានកើតឡើងនៅឯទីប្រជុំជនតូចមួយកន្លែង ស្ថិតនៅតំបន់ភាគនិរតីប្រទេស ដោយបណ្តាលឱ្យមនុស្សចំនួន ១២នាក់បាត់បង់ជីវិត ខណៈឧប្បត្តិហេតុនេះ បានបង្កឡើងដោយខ្មាន់កាំភ្លើងភេទប្រុសអាយុ ៤៥ឆ្នាំមួយរូប ដែលក្រោយមកបានធើ្វអត្តឃាតបញ្ចប់ជីវិតខ្លួនឯង។
បុរសជាខ្មាន់កាំភ្លើងរូបនេះ ត្រូវគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Aco Martinovic ហើយរូបគេ បានធើ្វសកម្មភាពបាញ់ប្រហារដំបូងនៅក្នុងទីតាំងភោជនីយដ្ឋានមួយក្នុងទីប្រជុំជន សេទីនជេ(Cetinje) ក្រោយពីបានមានរឿងរ៉ាវឈ្លោះប្រកែកគ្នា កាលពីល្ងាចថ្ងៃពុធកន្លងទៅ ដោយបានផ្ដាច់យកជីវិតមនុស្សចំនួន ៤នាក់ មុននឹងបានបន្តធើ្វការបាញ់រះទៅលើអ្នកដំណើរនៅខាងក្រៅផ្សេងទៀត ដោយបានបណ្តាលឱ្យមនុស្សសរុបចំនួន ១២នាក់បាត់បង់ជីវិត ដោយក្នុងនោះក៏រួមមានកុមារចំនួន ២នាក់ និងបងស្រីរបស់ខ្មាន់កាំភ្លើងខ្លួនឯងម្នាក់ផងដែរ។
បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារដ៏អាក្រក់នេះ ពលរដ្ឋម៉ុងតេណេហ្គ្រោនៅក្នុងទីក្រុងធំៗជាច្រើនបាននាំគ្នាដុតទានសម្តែងការកាន់ទុក្ខសម្រាប់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ ជាមួយអារម្មណ៍តក់ស្លុតចំពោះរឿងរ៉ាវដែលបានកើតឡើង។
ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារនេះដែរ ពលរដ្ឋមួយចំនួន បានបង្ហាញអារម្មណ៍ខឹងសម្បារចំពោះអាជ្ញាធររដ្ឋាភិបាល ដែលហាក់ពុំមានឆន្ទៈទទួលស្គាល់អំពីចំណុចខ្វះខាតរបស់ខ្លួន ក្នុងកិច្ចការពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ ដែលជាកត្តារួមចំណែកឱ្យមានករណីហិង្សាអាក្រក់ៗកើតមានឡើងជាញឹកញាប់នៅក្នុងសង្គមនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ស្របពេលដែលគេក៏នៅចង់ចាំមិនភ្លេចទេនូវហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយកាលពីចុងឆ្នាំ ២០២២ ដែលបានផ្ដាច់យកជីវិតមនុស្សចំនួន ១០នាក់៕