គណៈប្រតិភូ​សិក្សា​ស្រាវជ្រាវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ឆុងឈីង និងទីក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-ចិន​

04-មករា-2025 - ម៉ោង 05:39:PM

គណៈប្រតិភូ​សិក្សា​ស្រាវជ្រាវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៣០រូប ដឹកនាំ​ដោយ​លោក​ជំទាវ​ ​ខាឡេង សមាជិកា​គណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ និងជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ ទៅបំពេញ ទស្សនកិច្ច​នៅទីក្រុង ឆុងឈីង​ និងទីក្រុងគុនមីង​(ខេត្ត​យូ​ណាន)​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចាប់ពី​ថ្ងៃទី​២២ ដល់ថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ២០២៤​ និងសម្រេចបានលទ្ធផលជាផ្លែផ្កា។

ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោលបំណង​សិក្សា​រៀនសូត្រដកស្រង់ បទពិសោធន៍​ជាក់ស្តែងពីភាគីមិត្តចិនក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប ដោយ​ផ្តោតលើការបន្ថែមតម្លៃនៃការ​កែច្នៃផលិតផល ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​ចិន​និងតួនាទីរបស់ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរ ក្នុងការ ជំរុញការវិនិយោគនិងពាណិជ្ជកម្ម។ ក្នុងនេះដែរ គណប្រតិភូ​ក៏បានធ្វើការស្វែងយល់ដកស្រង់បទពិសោធន៍ពីភាគីមិត្តចិន ក្នុងការងារគ្រប់គ្រងរដ្ឋនិងបក្សនៅថ្នាក់មូលដ្ឋាន ក៏ដូចជាកិច្ចការអភិវឌ្ឍន៍ជាតិនៅក្នុងការធ្វើទំនើបកម្មបែបចិន ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការ កសាងសហគមន៍ជោគវាសនារួមកម្ពុជា -​ចិន​ ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់​ និងស្តង់ដាខ្ពស់ ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី។

នៅក្រុងឆុងឈីង គណប្រតិភូ​បាន​ជួបសម្តែងការគួរសម​ជាមួយលេខាបក្សរងក្រុងឆុងឈីង ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងសុី​ជម្រៅ​ ផ្តោត​លើ​ការ​ផលិត​រថយន្ត​ ការគ្រប់គ្រងកំពង់ផែ កំពង់ផែតាមដងទន្លេរ យង់សេ ផ្លូវថ្នល់​ ផ្លូវដែក និងបណ្តាញដឹកជញ្ជូនតាមផ្លូវអាកាស។ លើសពីនេះគណប្រតិភូ ជួបពិភាក្សាការងារជាមួយលេខាបក្សស្រុកថុងណាន ដែលមានជំនាញដាំក្រូចឆ្មា និងស្ពៃចង្កឹះ ដែលផ្គត់ផ្គង់ប្រមាណ៥០%ក្នុង ប្រទេសចិន។

រីឯនៅខេត្តយូណាន គណៈប្រតិភូ​បានទទួលស្វាគមន៍ ដោយលេខាបក្ស នៃសាកលវិទ្យាល័យ ជនជាតិភាគតិចខេត្តយូណាន តំណាងមន្ទីរចាត់តាំងគណះកម្មាធិការបក្សខេត្តយូណាន និងតំណាងការិយាល័យការបរទេសនិងការិយាល័យពាណិជ្ជកម្ម នៃរដ្ឋបាលខេត្តយូណាន។ គណៈប្រតិភូ​ក៏បានចុះសិក្សាស្វែងយល់តាមរយះការណែនាំពីដំណាំផ្សិត កាហ្វេ​ តែ​ និងផ្ការបស់ខេត្តយូណាន ដែលបានផ្គត់ផ្គង់បរិមាណច្រើនជាងគេបង្អស់នៅប្រទេសចិន។

គណៈប្រតិភូ​ក៏បានទៅទស្សនាបុរីមួយ ដែលប្រមូលផ្តុំជនជាតិភាគតិចទាំង២៥នៅខេត្តយូណាននៅជុំវិញបឹងទាន(បឹងធំជាងគេនៅខេត្តយូណាន)​និងបានទៅសិក្សាពីការកសាងបក្ស និងរៀបចំភូមិថ្មីមួយ​ ដែលធ្លាប់ជាសហគមន៍នេសាទ។ ក្រៅពីនេះ​គណៈប្រតិភូ​ក៏បានទៅទស្សនា អគារពាណិជ្ជកម្មមួយដែលប្រមូលផ្តុំដោយក្រុមហ៑ុនជាសមាជិកនៃអង្គការចាត់តាំងបក្ស។ នៅទីនេះក៏មានការជួបជាមួយតំណាង​ក្រុមហ៑ុនកំពុងវិនិយោគនៅកម្ពុជាចំនួនពីរ​ ក្រុមហ៑ុនភស្តុភារ និងក្រុមហ៑ុនកសិកម្មទំនើប។

ដំណើរទស្សនកិច្ច នេះ​មិន​ត្រឹម​តែ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា-ចិន​ លើវិស័យកសិកម្ម និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបានចាក់គ្រឹះរឹងមាំ សម្រាប់ទំនាក់ទំនងវិនិយោគនិងពាណិជ្ជកម្មនាពេលអនាគតផងដែរ៕

ពត័មានពេញនិយម