ខណៈខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ (៧ មករា ១៩៧៩ - ៧ មករា ២០២៥) នឹងឈានមក ដល់នៅដើមសប្តាហ៍ក្រោយនេះ ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានរំលឹកថា ឫសគល់នៃថ្ងៃជ័យជម្នះ៧មករានេះហើយ ដែលនាំឱ្យមានសន្តិ ភាពដល់សព្វថ្ងៃ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ ឯកឧត្តម បានរំលេចអំពីគុណ តម្លៃជាច្រើនមិនអាចកាត់ថ្លៃបាន នៃថ្ងៃ៧មករា ដែលប្រសិនបើគ្មានការរំដោះឱ្យរួចផុតពីក្រញ៉ាំបីសាច ប៉ុល ពត បានទាន់ពេលវេលាទេនោះ ជីវិតរបស់ពលរដ្ឋក្មេងចាស់ពេលនោះ មិនអាចរស់រានមានជីវិតបានទេ។ ប្រជាពលរដ្ឋ ដែលបានរួចផុតពីរបបនោះ បានចាត់ទុកថ្ងៃ៧មករា ជាថ្ងៃជីវិតទី២របស់ខ្លួន ។
ឯកឧត្តម បានបញ្ជាក់ថា ឫសគល់នៃថ្ងៃជ័យជម្នះ៧មករា នាំឱ្យមានសន្តិភាពមកដល់សព្វថ្ងៃ និង មានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន សូម្បីតែប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងអាណិកជនខ្មែរមកពីក្រៅប្រទេសខ្លះ ក៏វង្វេងផ្លូវដោយសារតែស្ថានភាពនៅរាជធានីភ្នំពេញរីកចម្រើន ។
ការដែលប្រជាពលរដ្ឋបាន និងកំពុងរួមរស់និងរីកចម្រើនដែលកើតចេញពីមនុញ្ញផលនៃសន្តិភាព នាសព្វថ្ងៃនេះ ឯកឧត្តមក៏បានរំលឹចឱ្យឃើញអំពីស្ថានភាពផ្នែកខ្លះនៅលើពិភពលោកដែលបាន និងកំពុង រងទុក្ខលំបាកដោយសារជួបប្រទះសង្គ្រាម ដូច្នេះឯកឧត្ដម អំពាវានវឱ្យប្រជាពលរដ្ឋ និងយុវជនជំនាន់ ក្រោយ ត្រូវមើលឃើញ និងរួមគ្នាការពារសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាឱ្យខាងតែបាន។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថានយោបាយទុច្ចរឹតរបស់ជនក្បត់ជាតិបីជំនាន់ ប្រជាពលរដ្ឋ កម្ពុជា បានមើលឃើញអស់ហើយ ជាពិសេសសមាជិក សមាជិកា នៃបក្សប្រឆាំង ជាបន្តបន្ទាប់បានសុំមក រួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដែលមកដល់ពេលនេះ មានចំនួនរាប់ ម៉ឺននាក់ ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៨មក ៕