ឯកឧត្តម ប៉ែន បូណា៖ ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរកាន់តែរឹងមាំ

02-មករា-2025 - ម៉ោង 06:20:PM


(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានចេញអត្ថបទមួយ ក្រោមចំណងជើងថា «ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរកាន់តែរឹងមាំ»។

ក្នុងអត្ថបទនេះ ឯកឧត្តម ប៉ែន បូណា បានសរសេរថា មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។អាចជារូបភាពនៃ មនុស្សច្រើន, ប្រាសាទ និង អត្ថបទ

នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ជាពិសេសពេលមានពិធីបុណ្យធំៗ ដូចជា ព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេលយូរមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប្រជាពលរដ្ឋបានស្គាល់ការរស់នៅបែបស៊ីវិល័យ ដែលមិនធ្លាប់មានពីមុន។អាចជារូបភាពនៃ មនុស្សច្រើន, ដើមឈើ និង អត្ថបទ

សុខសន្តិភាព បានធ្វើឱ្យស្ថានភាពប្រទេសជាតិផ្លាស់ប្តូរខុសពីអតីតកាលទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីការបាញ់កាំភ្លើង កាប់សម្លាប់គ្នាដ៏គួរឱ្យព្រឺខ្លាច មកជាការបាញ់កាំជ្រួចដើម្បីអបអរសាទរពិធីបុណ្យយ៉ាងសប្បាយរីករាយ។ ប្តូរពីសម្រែកដោយក្តីឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ មកជាសម្រែកហ៊ោកញ្ជៀវដោយក្តីសប្បាយរីករាយ។ ប្តូរពីស្ថានភាពតោកយ៉ាកអត់បាយក្រហាយទឹកមករកភាពសម្បូរបែប។ ប្តូរពីភាពក្រៀមក្រោះ ស្រពាប់ស្រពោន មកមានស្នាមញញឹមស្រស់ស្រាយ ពោលគឺសុខសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជាបានស្គាល់ការផ្លាស់ប្តូរទាំងស្រុង ទាំងស្ថានភាពសង្គម នយោបាយ ទាំងផ្នត់គំនិតមនុស្ស។អាចជារូបភាពនៃ អត្ថបទ

ការផ្លាស់ប្តូរដ៏ស៊ីជម្រៅនេះ កើតឡើងដោយសារកម្ពុជាមានមេដឹកនាំដ៏ខ្លាំងពូកែនិងលះបង់ខ្ពស់ ចំពោះជាតិនិងប្រជាពលរដ្ឋ ដូចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងមានអ្នកបន្តវេន ដែលពោរពេញដោយសមត្ថភាពនិងភាពវាងវៃដូចសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការផ្លាស់ប្តូរស៊ីជម្រៅនេះ ក៏កើតឡើងដោយសារប្រជាពលរដ្ឋឈរនៅខាងភាពត្រឹមត្រូវ ពោលគឺពួកគេតែងផ្តល់យុត្តិធម៌ ដល់អ្នកដឹកនាំនិងប្រឆាំងដាច់ខាតចំពោះអ្នកនយោបាយជ្រុលនិយម ដែលរង់ចាំតែបំផ្លិចបំផ្លាញនិងជាន់ពន្លិចជាតិខ្លួនឯង។ ជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ នេះ កម្មវិធី «សាទរកម្ពុជា» ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម និងមានប្រជាពលរដ្ឋនិងយុវជន ចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង។អាចជារូបភាពនៃ កាំជ្រួច និង អត្ថបទ

បើទោះបីជាមានជនជ្រុលនិយមមួយក្តាប់តូច បានឆ្លៀតយកឧបទ្ទវហេតុបន្តិចបន្តួច ដែលកើតឡើងដោយសារបញ្ហាបច្ចេកទេស ដើម្បីជាន់ពន្លិចតម្លៃជាតិសាសន៍ខ្លួនឯងយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនៅតែរក្សាភាពសប្បាយរីករាយ និងមោទនភាពជានិច្ចចំពោះសមិទ្ធផលដ៏ធំធេង ដែលរាជរដ្ឋាភិបាលសម្រេចបាន។

សរុបមកវិញ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរក្រោមម្លប់សុខសន្តិភាព បានក្លាយជាមោទនភាពជាតិ ដែលមិនអាចបាត់បង់ទៅវិញឡើយ ពីព្រោះវាជាក្តីសុខសប្បាយដែលកម្រកើតមានណាស់ នៅក្នុងប្រទេសកម្ពុជាដ៏កំសត់របស់យើង។

ដូច្នេះ ប្រជាពលរដ្ឋខ្មែរត្រូវតែរក្សាឱ្យបាននូវស្នាមញញឹមនិងក្តីសង្ឃឹមនេះ ឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូតតទៅ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសុខសន្តិភាពដោយមិនអនុញ្ញាតឱ្យជនណា ឬក្រុមណាមកបំផ្លាញបានជាដាច់ខាត៕អាចជារូបភាពនៃ មនុស្សច្រើន និង កាំជ្រួច

ពត័មានពេញនិយម