រាជធានីភ្នំពេញ៖ ក្រុមក្មេងទំនើង និង ជនសង័្សយ ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម លួច ឆក់ ប្លន់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និង ឃាត់ខ្លួនបានជាបន្ដបន្ទាប់ នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចនាំមកបង្ហាញមុខ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅមុនពេលបញ្ជូនពួកគេទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញ ទទួលផែននគរបាលព្រហ្មទណ្ឌ បានឲ្យដឹង ថា ដោយមានបទបញ្ជាពីឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង មានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ នោះមក ការិយាល័យនគរបាលព្រហ្មទណ្ឌ បានសហការជាមួយសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល នៅតាមបណ្ដាខណ្ឌនានា ចុះស្រាវជ្រាវ និង ឃាត់ខ្លួនជនសង័្សយ ជាជាមុខសញ្ញាឃាតកម្ម ឆក់ ប្លន់ និង ក្រុមក្មេងទំនើងជាបន្តបន្ទាប់ ចំនួន២៥នាក់ នៅក្នុងការបង្រ្កាបចំនួន១៣ករណី ចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងចំណោមជនសង័្សយទាំងនេះ រួមមាន៖ ករណីឃាតកម្មចំនួន១ករណី ដោយបានឃាត់ខ្លួនចំនួន២នាក់ ប្រើដុំថ្មគប់មនុស្សបណ្តាលឲ្យស្លាប់), លួចចំនួន៩ករណី ដោយបានឃាត់ខ្លួនចំនួន៩នាក់ ពាក់ព័ន្ធនឹងការលួចម៉ូតូ៣ករណី លួចសម្ភារនិងទ្រព្យសម្បត្តិ ចំនួន៥ករណី, ករណីហិង្សាដោយចេតនា ចំនួន៣ករណី ដោយបានឃាត់ខ្លួនចំនួន៩នាក់។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបន្ដ ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សមត្ថកិច្ចការិយាល័យជំនាញ និង នគរបាលតាមបណ្ដាខណ្ឌ បានបង្ក្រាបក្រុមក្មេងទំនើង ចំនួន៤ក្រុម។ នៅក្នុងនោះ នគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនបាន១ក្រុម មានគ្នាចំនួន២នាក់, ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួន១ក្រុម មានគ្នាចំនួន៣នាក់, ខណ្ឌកំបូល បានឃាត់ខ្លួនក្រុម ML មានគ្នាចំនួន៦នាក់ និង សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌមានជ័យ បង្ក្រាបបានក្រុមក្មេងទំនើងក្រុម TK កាហ្វេកុង ចំនួន៦នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពយ៉ាង នៅខេត្តកណ្ដាល។
ក្រោយពេលបង្ក្រាប និង បង្ហាញមុខរួចហើយ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង័្សយ ទាំង២៥នាក់នេះ ទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕