ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានបើករថយន្ដស៊េរីទំនើប បោះពួយយ៉ាងលឿន ស្រាប់តែក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យមនុស្សចំនួន៤នាក់រងរបួស នៅក្នុងចំណោមអ្នកនៅក្នុងរថយន្ដ៧នាក់ កាលពីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្រ្ដស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បើករថយន្ដហ្វដស៊េរីទំនើប២បាំង ដឹកសាច់ញាតិ ចំនួន៦នាក់ ទំនងជាដើរលេងថ្ងៃចូលឆ្នាំងសកល បោះពួយយ៉ាងលឿន។ លុះពេលគាត់បើករថយន្ដ មកដល់ចំណុចកើតហេតុ សង័្សយអ្នកបើកបរងងុយដេក ហើយងោកមួយភាំង ធ្វើឲ្យរថយន្ដរេចង្កូតខុសផ្លូវ ក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យមនុស្ស៤នាក់រងរបួស នៅក្នុងចំណោមអ្នកនៅក្នុងរថយន្ដ សរុប៧នាក់ ហើយរថយន្ដបានរងការខូចខាត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ចាត់ការតាមនីតិវិធី។ រីឯអ្នករងរបួស ត្រូវបានគេបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ៕