យុវជនម្នាក់ជិះម៉ូតូទៅចាក់សាំង ត្រៀមទៅលងស្រុកថ្ងៃចូលឆ្នាំថ្មី បុកគូទរថយន្ដដួលបត់ក

02-មករា-2025 - ម៉ោង 10:17:AM

រាជធានីភ្នំពេញ៖ កម្មកររោងចក្រម្នាក់ បានជិះម៉ូតូយ៉ាងលឿន ជ្រុលចង្កូតទៅបុកគូទរថយន្ដយ៉ាងពេញទំហឹង ដួលបោកក្បាលនឹងថ្នល់ បណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង១២ និង ៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចជិតច្រកចូលវត្តព្រែកថ្លឹង តាមផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេបានឃើញយុវជរងគ្រោះ បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JW-2225 តាមបណ្ដោយផ្លូវជាតិលេខ២ នៅក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ស្របទិសគ្នាជាមួយនឹងរថយន្តតូមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 2BT -8914។ លុះពេលជនរងគ្រោះ បានបើកម៉ូតូមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករថយន្ដ ដួលបោកក្បាលនឹងថ្នល់ បត់កស្លាប់ភ្លាមៗមួយរំពេច។ ឃើញហេតុការណ៍បែបនេះ អ្នកបើកបរបានព្យាយាមបើករថយន្ដគេចខ្លួន បត់ត្រឡប់ក្រោយ ហើយចូលទៅចតចោលនៅក្នុងបុរីចន្ទគិរី នៅមុនពេលគេបានឡើងជិះរថយន្ដផ្សេងទៀត គេចខ្លួនបាត់ស្រមោល។

បើតាមសាច់ញាតិរបស់ជនរងគ្រោះ បានអះអាង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ ជនរងគ្រោះបានប្រាប់ដល់ក្រុមគ្រួសារ ថា គាត់បានបើកម៉ូតូទៅចាក់សាំង ត្រៀមធ្វើដំណើរទៅលេងស្រុកកំណើត នៅព្រឹកថ្ងៃស្អែក។ ប៉ុន្ដែមួយសន្ទុះក្រោយមក ស្រាប់តែពួកគាត់បានទទួលដំណឹងដ៏អកុសលបែបនេះតែម្ដង។

សមត្ថកិច្ចបាន បានបញ្ជាក់ ថា ជនរងគ្រោះ ឈ្មោះ រាជ ឈៀន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និង មានស្រុកកំណើតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រីឯអ្នកបើកបររថយន្ត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានធ្វើកំណត់ហេតុ ដកហូតយានយន្ដពាក់ព័ន្ធ យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់។ បន្ទាប់មក សមត្ថកិច្ចបានប្រគល់សពរបស់ជនរងគ្រោះ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម