ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នវីរុស HMPV ព្រោះវាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើម

31-ធ្នូ-2024 - ម៉ោង 12:48:PM

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងរបស់ខ្លួន ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ការពារសុខភាពពីជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។

ក្នុងសេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា ថ្មីៗនេះបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សាយព័ត៌មានស្តីពីការផ្ទុះឡើងនៃយូមិនមេតាភ្លឺម៉ូវីរុស human metapneumovirus (HMPV)- បង្កឱ្យមានជំងឺផ្លូវដង្ហើម។ វីរុសនេះ បង្កឱ្យមានជំងឺផ្លូវដង្ហើម ដែលមានរោគសញ្ញាស្រដៀង ទៅនឹងជំងឺផ្តាសាយធំ ដូចជា គ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក ក្អក កណ្តាស់។ វីរុស យូមិនមេតាភ្លឺម៉ូ អាចបណ្តាលជាជំងឺធ្ងន់ធ្ងរលើទារក កុមារ មនុស្សវ័យចំណាស់លើសពី៦៥ឆ្នាំ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ។ យូមិនមេតាភ្ញីម៉ូវីរុស ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ២០០១ នៅប្រទេសហូឡង់ ហើយប្រទេសកម្ពុជាក៏ធ្លាប់រកឃើញ ជំងឺនេះលើកុមារ ក្នុងអំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។ នៅកម្ពុជា ដោយសារអាកាសធាតុមិនត្រជាក់ខ្លាំង ជំងឺនេះមិនសូវធ្ងន់ធ្ងរដូចជំងឺគ្រុនផ្តាសាយធំទេ ហើយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។

អ្នកវិទ្យាសាស្ត្រ បានប៉ាន់ស្មានថាប្រហែល ១០ទៅ ១២ភាគរយ នៃជំងឺផ្លូវដង្ហើមចំពោះកុមារគឺបណ្តាលមកពីយូមិនមេតាភ្នឺម៉ូវីរុស។ ករណីភាគច្រើនគឺស្រាល ប៉ុន្តែប្រហែលពី ៦ ទៅ ១៦ភាគរយនៃកុមារនឹងវិវត្តទៅជាជំងឺរលាកទងសួត រលាកសួត។

ក្រសួងសុខាភិបាល ក៏បានឱ្យដឹងថា វីរុសនេះឆ្លងតាមការក្អក និងកណ្តាស់ ឬការប៉ះពាល់ជិតស្និទ្ធ ដូចជាការប៉ះ ឬចាប់ដៃគ្នា ឱប ថើប ប៉ះវត្ថុ ឬផ្ទៃដែលមានមេរោគ បន្ទាប់មកប៉ះ មាត់ ច្រមុះ ឬភ្នែកជាដើម។

ដើម្បីបង្ការវីរុសប្រភេទនេះ និងមេរោគបង្កជំងឺផ្លូវដង្ហើម សំខាន់ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុលលាងដៃ ហើយចៀសវាង យកដៃលោកអ្នកទៅប៉ះពាល់ភ្នែក ច្រមុះនិងមាត់ ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។
ពេលក្អក ឬ កណ្តាស់ សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត ប្រើផ្នត់កែងដៃអាវខ្ទប់មាត់ និង ពាក់ម៉ាស់ ដើម្បីបង្ការការចម្លងទៅអ្នកដទៃ។ មិនត្រូវប្រើបាតដៃខ្ទប់មាត់របស់អ្នកផ្ទាល់ទេ។

បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួនកុំឱ្យមានការចម្លងរោគ ដោយត្រូវពាក់ម៉ាស និង អនុវត្តវិធានការបង្ការការចម្លងដូចរៀបរាប់ខាងលើ៕

ពត័មានពេញនិយម