រដ្ឋធានីសេអ៊ូល៖ ក្រុមអ្នកស៊ើបអង្កេត កំពុងតែពិនិត្យមើលការវាយប្រហាររបស់បក្សី នៅក្នុងចំណោមបុព្វហេតុដែលអាចនាំទៅរកគ្រោះមហន្តរាយតាមអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់កូរ៉េខាងត្បូង នៅក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០២៤។
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Jeju Air ជើងហោះហើរលេខ 7C2216 បានហោះចេញពីទីក្រុងបាងកក ប្រទេសថៃ ហើយបានធ្លាក់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Muan ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ (ទី២៩ ខែធ្នូ) ដោយបានសម្លាប់មនុស្ស១៧៩នាក់ នៅក្នុងចំណោមមនុស្ស១៨១នាក់ នៅក្នុងយន្ដហោះ ខណៈយន្ដហោះបានចុះចតដោយមិនមានកង់ សម្រាប់ចុះចត។ យន្ដហោះបានរអិលចេញពីផ្លូវរត់របស់វា ហើយបានហួសទៅបុករបងរបស់អាកាសយានដ្ឋានអន្ដរជាតិ Muan នៅមុនពេលយន្ដហោះបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។
ប៉ុន្មាននាទី នៅមុនពេលយន្តហោះធ្លាក់នោះ ក្រុមអ្នកត្រួតពិនិត្យចរាចរណ៍តាមផ្លូវអាកាស បានព្រមានអំពីការវាយប្រហាររបស់បក្សី ហើយអ្នកបើកយន្ដហោះ ក៏បានចេញនូវការព្រមាន អំពីការចុះចតបន្ទាន់ផងដែរ។
បើទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញអាកាសចរណ៍ មានការសង្ស័យ ថា ការវាយប្រហាររបស់បក្សី ក្លាយជាមូលហេតុតែមួយគត់ ខណៈមានការព្រមាន ថា កត្តាផ្សេងៗទៀត ទំនងជាការរួមចំណែកដល់ការធ្លាក់យន្តហោះនេះផងដែរ។ ការវាយប្រហាររបស់បក្សី ក្លាយជាបញ្ហាទូទៅមួយ សម្រាប់អាកាសចរណ៍ ប៉ុន្តែវាកម្របណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរខ្លាំងណាស់។
បើតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធន៍សហរដ្ឋអាមេរិក ហៅកាត់ FAA បានឲ្យដឹង ថា កាលពីឆ្នាំ២០២៣ សហរដ្ឋអាមេរិក បានកត់ត្រា អំពីការវាយប្រហាររបស់សត្វព្រៃ ជាមធ្យម ចំនួន៥៤ នៅក្នុងមួយថ្ងៃ។ ការវាយប្រហារ ភាគច្រើនពាក់ព័ន្ធនឹងសត្វស្លាប បើទោះជាសត្វព្រៃ ក៏បានរាប់បញ្ចូលក្នុងចំណោមសត្វជាច្រើនទៀត ដូចជា សត្វក្តាន់ជាដើម។
បើតាមអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ បានឱ្យដឹង ថា ការវាយប្រហាររបស់បក្សី មានចំនួន៩០ភាគរយ បានកើតឡើង នៅជិតអាកាសយានដ្ឋាន ខណៈយន្តហោះកំពុងតែហោះឡើង ឬចុះចត ឬហោះ នៅក្នុងកម្ពស់ទាប៕