អ្នកដឹកក្យូសដើរលក់ម្នាក់ ត្រូវគេចាប់អារក ប្លន់យកលុយ

20-ធ្នូ-2024 - ម៉ោង 02:18:PM

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ជាអ្នកដឹកក្យូសដើរលក់ ស្រាប់តែមានការភ្ញាក់ផ្អើល ថា គាត់ត្រូវបានគេអារកប្លន់យកលុយ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកវាងក្រុង តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់។

បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា កាលពីយប់កើតហេតុ មានករណីបុរសម្នាក់ ជាអ្នកដឹកក្យូសដើរលក់ ហើយត្រូវបានគេអារក បង្កឲ្យភ្ញាក់ផ្អើលឡើង ដល់ប្រជាពលរដ្ឋ។ ករណីនេះ មានអ្នកខ្លះបានអះអាង ថា សង័្សយតែផឹកស្រាស្រវឹង ហើយអារកខ្លួនឯង ខណៈមតិភាគច្រើន បានអះអាង ថា សង្ស័យជាករណីអារក ប្លន់សម្លាប់យកលុយ។

ប្រភពព័ត៌មានដដែល បានបន្ដ ថា ប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះដួលទៅលើថ្នល់ ហើយមានឈាមហូរស្រោចពេញខ្លួន ខណៈមានរថយន្តបើកកិនជើងរបស់គាត់បន្ថែមទៀត។ លុះក្រោយមក សមត្ថកិច្ចបានដឹកជនរងគ្រោះ បញ្ជូនទៅសង្រ្គោះ។ ប៉ុន្តែជាអកុសល ជនរងគ្រោះបានបាត់បង់ជីវិតបាត់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ កាលពីព្រឹកព្រលឹម ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លើករណីនេះ ព្រោះសង្ស័យអាចជាករណីឃាតកម្មអារកប្លន់ យកលុយពីជនរងគ្រោះ ជាអ្នកដឹកក្យូសដើរលក់។ បើទោះជាយ៉ាងក៏ក្រោយ ប្រជាពលរដ្ឋ និង សាច់ញាតិ សង្ឃឹមលើសមត្ថកិច្ចស្រាវជ្រាវឲ្យបានម៉ត់ចត់ ដើម្បីស្វែងរកការពិត៕

ពត័មានពេញនិយម