ឃាត់ខ្លួនម្ចាស់បុរីម៉នដានី ចេញសែកស្អុយ៦០ម៉ឺនដុល្លារ នៅព្រំដែនខ្មែរ-ថៃ

18 ម៉ោងមុន

ខេត្តឧត្ដរមានជ័យ៖ លោក​ស្រី​ ម៉ន​ ដានី​ ថៅកែសាងសង់បុរី និងផ្ទះល្វែងលក់ បានចេញសែកស្អុយ ឬ សែកអត់លុយ ប្រហែល៦០ម៉ឺនដុល្លារ ហើយមានការប៉ុនប៉ងរត់គេចខ្លួនទៅកាន់ប្រទេសថៃ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការបស់តុលាការ កាលពីវេលាម៉ោងយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅច្រកព្រំដែន អូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា លោកស្រី ម៉ន ដានី ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ ខណៈគាត់បានព្យាយាមប៉ុនប៉ង ឆ្លងដែនទៅកាន់ប្រទេសថៃ។ បន្ទាប់មក សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនមកកាន់រាជធានីភ្នំពេញ ទាំងយប់ ដើម្បីចាត់ការបន្ត។

ការចាប់ខ្លួនលោកស្រី ម៉ន ដានី គឺសមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួន ចេញដោយលោក លិ សុខា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

ជនត្រូវចោទ ឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៨ឆ្នាំ (កើតថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៨៥) សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ០៤០៤៧០៨៣៩ (០១) ជាម្ចាស់គម្រោងបុរីដីឡូត៍ មានអាសយដ្ឋានភូមិតាអិន សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ និង ផ្ទះលេខបេ៤៨ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រម្លឹកឡើងវិញ ថា កាលពីពេលកន្លងទៅនេះ ពលរដ្ឋជាច្រើនគ្រួសារ រស់នៅខេត្តកំពង់ស្ពឺ បានចាញ់បោកក្រុមហ៊ុន ម៉ន ដានី ពីការទិញ លក់ដី ឬផ្ទះ រហូតផ្ទុះការតវ៉ា និង ទាមទារដំណោះស្រាយ ក្រោយមក លោកស្រី ម៉ន ដានី ក៏បានរត់គេចខ្លួនរហូត ដល់ថ្ងៃឃាត់ខ្លួន ខណៈគាត់បានព្យាយាមរត់គេចខ្លួនបន្ដទៀត៕

ពត័មានពេញនិយម