ខេត្តបាត់ដំបង៖ អគ្គីបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្ចាស់ផ្ទះ និងក្រុមគ្រួសារ ស្ទុះរត់ចេញទាំងមានត្រឹមតែខោអាវមួយចង្កេះ នៅជាប់នឹងខ្លួន ហើយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍ទៅសុំអន្ដរាគមន៍ពីសមត្ថកិច្ច កាលពីវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅក្នុងក្រុមទី១២ ភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីព្រលប់ ថ្ងៃទី១៥ ខែមករា ម្ចាស់ផ្ទះបាននាំសមាជិកគ្រួសារ ចូលដេកតាមកន្លែងរឿងៗខ្លួន។ លុះមកដល់វេលាកើតហេតុ ស្រាប់តែមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្ចាស់ផ្ទះ និង ក្រុមគ្រួសារ នាំគ្នារត់ចេញស្ទើរតែមិនទាន់។
សមត្ថកិច្ច បានឲ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីគ្រោះអគ្គិភ័យបែបនេះភ្លាម សមត្ថកិច្ចបានចេញទៅធ្វើអន្ដរាគមន៍ ជួយបាញ់ទឹកពន្លត់ឲ្យរលត់អស់ទៅវិញ ហើយបានទប់ស្កាត់ កុំឲ្យភ្លើងឆាបឆេះទៅលើផ្ទះរបស់អ្នកភូមិផ្សេងៗទៀត។ ផ្ទះដែលរងគ្រោះការឆេះបំផ្លាញនេះ សង់ពីថ្មក្រោម និងឈើខាងលើ។
បើទោះជាយ៉ាងណា ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនៅមិនទាន់បានសរុប អំពីទំហំខូចខាតនៅឡើយ។ ប៉ុន្ដែករណីគ្រោះអគ្គិភ័យនេះ មិនមានសេចក្ដីរាយការណ៍ អំពីគ្រោះថ្នាក់ដល់មនុស្សនោះទេ៕