រាជធានីបាងកក៖ អគ្គស្នងការប៉ូលិសថៃ លោកឧត្ដមសេនីយ៍ គីត្រាត ផាន់ផេត (Kitrat Phanphet) បានបញ្ជាក់ កាលពីថ្ងៃពុធ ថា អំពើឃាតកម្មទៅលើអតីតតំណាងរាស្រ្ដគណបក្សប្រឆាំងរបស់ប្រទេសកម្ពុជា លោក លឹម គឹមយ៉ា (Lim Kimya) នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា កន្លងទៅនេះ មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ តែសកម្មភាពនេះ ទំនងជាកើតឡើង ដោយសារតែជម្លោះផ្ទាល់ខ្លួន។ នេះបើតាមសារព័ត៌មានរបស់ថៃ Thai PSB បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥។
បើទោះជាយ៉ាងណា លោកឧត្ដមសេនីយ៍ អគ្គស្នងការប៉ូលិសជាតិថៃ មិនបានបញ្ជាក់លម្អិត អំពីរបៀបដែលប៉ូលិស ឈានដល់ការសន្និដ្ឋានបែបនេះឡើយ។ ការបញ្ជាក់របស់មេប៉ូលិសកំពូលរបស់ថៃ ហាក់បីដូចជាផ្ទុយអំពីការរំពឹងទុកជាទូទៅ ថា ករណីឃាតកម្មនេះ បានកើតចេញពីជម្លោះនយោបាយ នៅក្នុងប្រទេសកម្ពុជា។
ស្របគ្នានេះដែរ តុលាការឧក្រិដ្ឋកម្មថៃ បានចេញដីការួចហើយ សម្រាប់ការចាប់ខ្លួនជនសង័្សយ ដែលរងការចោទប្រកាន់ជាមេគំនិត ឈ្មោះ លី រតនរស្មី មានឈ្មោះជាភាសាថៃ ឈ្មោះ សោមវ៉ាង បាមរុងគិត (Somwang Bamrungkit) ដោយមានការចោទប្រកាន់ពីការជួលជនដៃដល់ ឈ្មោះ អេកកាឡាក់ ភីណយ (Ekaluck Paenoi) ចំនួន៦០ ០០០បាតលុយថៃ ឬស្មើនឹងប្រហែល១៧០០ដុល្លារអាមេរិក ដើម្បីសម្លាប់លោក លឹម គឹមយ៉ា (Lim Kimya) អតីតតំណាងរាស្រ្ដគណបក្សប្រឆាំងរបស់ប្រទេសកម្ពុជា។
ប៉ូលិសថៃ បានបញ្ជាក់ ថា លោក សោមវង់ បានចេញចូលមកកាន់ប្រទេសថៃ ជាង១០០ដង នៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។ ជនសង័្សយ បានចូលមកកាន់ប្រទេសថៃ នាពេលចុងក្រោយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ និង បានស្នាក់នៅក្នុងស្រុកបាងឡាមុង (Bang Lamung) ខេត្តឈុនប៊ូរី (Chon Buri) ហើយគាត់បានវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៨ ខែមករា។
លោកអគ្គស្នងការប៉ូលិសថៃ រូបនេះ បានបង្ហើបទៀត ថា ជនសង័្សយ ឈ្មោះ Somwang បានផ្ទេរប្រាក់សរុប ៦0000បាត ចូលទៅក្នុងគណនីធនាគាររបស់ខ្មាន់កាំភ្លើង អេកកាឡាក់ ភីណយ ទាំងមុន និងក្រោយការបាញ់សម្លាប់លោក លឹម គឹមយ៉ាង នៅមុខខ្លោងទ្វារវត្ដ Bowonniwet (បូវ៉ុននីវេត) ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ។ ប៉ុន្ដែនៅក្នុងអំឡុងប៉ូលិសសួរចម្លើយនោះ ខ្មាន់កាំភ្លើង បានអះអាង ថា គេបានស្គាល់ជនសង័្សយ ឈ្មោះ សោមវង់ អស់រយៈពេល២ឆ្នាំកន្លងមកហើយ ដោយជនជាតិខ្មែរម្នាក់នេះ បានជួយផ្ដល់ផ្នែកហិរញ្ញវត្ថុដល់ខ្លួន នៅក្នុងអំឡុងពេលនេះ។
លោក លឹម គឹមយ៉ា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅល្ងាច ថ្ងៃទី៧ ខែមករា ហើយជនសង័្សយ ដែលរងការចោទប្រកាន់ជាមេគំនិតនោះ បានចាកចេញពីប្រទេសថៃ នៅព្រឹក ថ្ងៃទី៨ ខែមករា។ ក្រោយពេលធ្វើសកម្មភាពរួចហើយ ខ្មាន់កាំភ្លើង បានរត់គេចខ្លួន ចូលមកក្នុងប្រទេសកម្ពុជា ហើយត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនប្រគល់ជូនប៉ូលិសភូមិន្ទថៃ នាំទៅចាត់ការតាមច្បាប់៕