រាជធានីភ្នំពេញ៖ ស្របពេលក្រុមមនុស្សបាតសង្គម តែងតែធ្វើសកម្មភាពលួចឆក់ប្លន់ បង្កការអុកឡុក ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និង ធ្វើឲ្យមានការភ័យខ្លាចដល់សន្ដិសុខរស់នៅរបស់ប្រជាពលរដ្ឋនោះមក សមត្ថកិច្ច នៅទូទាំងភូមិសាស្រ្ដរាជធានីភ្នំពេញ បានចេញប្រតិបត្ដិការបង្ក្រាប និង ឃាត់ខ្លួន ហើយបាននាំខ្លួនជនសង័្សយ ចំនួន២៩នាក់ មកបង្ហាញមុខជាសាធារណៈ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានី នៅមុនពេលបញ្ជូនពួកគេ ទៅកាន់តុលាការ។
មន្រ្ដីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ថា ជនសង័្សយទាំង២៩នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និង ឃាត់ខ្លួន ដោយសារតែពួកគេមានការជាប់ពាក់ព័ន្ធនឹងសកម្មភាពទំនើង លួចឆក់ និង កាប់ប្លន់យ៉ាងសកម្ម នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ នៅក្នុងប្រត្ដិបត្ដិការបង្ក្រាបបទល្មើសនានានោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយចំនួន២៩នាក់ រួមមាន៖ ១.ខណ្ឌច្បារអំពៅ មានចំនួន១ករណី បានឃាត់ខ្លួនជនសង័្សយចំនួន៥នាក់, ២.ខណ្ឌ៧មករា មាន១ករណី ឃាត់ខ្លួនជនសង័្សយ១នាក់, ៣.ខណ្ឌដង្កោ មាន១ករណី បានឃាត់ខ្លួនជនសង័្សយចំនួន២នាក់, ៤.ខណ្ឌដូនពេញ មាន១ករណី បានឃាត់ជនសង័្សយចំនួន២នាក់, ៥.ខណ្ឌពោធិ៍សែនជ័យ មាន២ករណី បានឃាត់ខ្លួនជនសង័្សយចំនួន៩នាក់, ៦.ខណ្ឌកំបូល មាន២ករណី បានឃាត់ខ្លួនជនសង័្សយចំនួន៣នាក់។ ស្របគ្នានេះដែរ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ក៏បានបង្ក្រាប១ករណី ឃាត់ខ្លួនជនសង័្សយចំនួន៧នាក់ ផងដែរ។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ថា ជនសង័្សយទាំង២៩នាក់នេះ មានការជាប់ពាក់ព័ន្ធនឹងបទល្មើសចំនួន១០ករណី នៅតាមបណ្ដាខណ្ឌនានា ហើយត្រូវបានសមត្ថកិច្ចបង្ក្រាប នៅក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។
ក្រោយពេលបង្ហាញមុខជាសាធារណៈរួចហើយ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនជនសង័្សយទាំង២៩នាក់ និង វត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និង ផ្ដន្ទាទោសតាមច្បាប់៕