ខេត្តឧត្ដរមានជ័យ៖ មន្រ្ដីជំនាញដោះមីនរបស់កម្ពុជា ចំនួន២នាក់ បានបាត់បង់អាយុជីវិត នៅក្នុងពេលបំពេញការងាររបស់ខ្លួន កាលពីវេលាម៉ោង៧ និង ៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងប្រី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
ក្រោយពេលកើតមានឧបទ្ទវហេតុផ្ទុះកាកសំណល់ពីសម័យសង្គ្រាម បានបណ្ដាលមន្រ្ដីជំនាញ២នាក់បាត់បង់ជីវិត នៅក្នុងពេលបំពេញបេសកកម្មការងាររបស់ខ្លួននោះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន ក៏ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនក្រុមគ្រួសារនៃសពរបស់លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន មន្រ្ដីបោសសម្អាតមីន ដែលបានពលីជីវិត នៅក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៧ និង ៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
នៅក្នុងសារលិខិតរំលែកមរណទុក្ខនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានផ្ញើជូនក្រុមគ្រួសារ នៃសពរបស់មន្រ្ដីបោសសម្អាតមីនពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធាន អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និង សង្គ្រោះជនពិការ ដោយសារមីន និងក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និង សង្គ្រោះជនពិការដោយសារមីន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និង សោកស្តាយឥតឧបមា ដោយបានទទួល ដំណឹងអំពីពលីកម្មរបស់លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាមន្រ្ដីបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា នៅក្នុងឧបទ្ទវហេតុផ្ទុះមីន នាអំឡុងពេលកំពុងតែធ្វើប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រី ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាវេលាម៉ោង ៧ និង ៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកស្រីបណ្ឌិត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសពរបស់លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលបានបាត់បង់សមាជិកគ្រួសារ បាត់បង់សហការី និង មិត្តរួមការងារដ៏អង់អាចក្លាហាន ដែលតែងតែចូលរួមធ្វើពលីកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត នៅក្នុងបុព្វហេតុមនុស្សធម៌ជា រៀងរហូតមក។
ការបាត់បង់លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាការបាត់បង់វីរជនដោះមីនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនរស់នៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន សូមឆាប់បានយោនយកកំណើត កើតនៅក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕