ខេត្តរតនគិរី៖ ស្រ្ដីម្នាក់បានឈឺពោះរកកល់សម្រាលកូន ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មណ្ឌលសុខភាព តែទើបនឹងបញ្ជូនបានពាក់កណ្ដាលផ្លូវ ស្រាប់តែគាត់បានសម្រាលបានទារិកាម្នាក់ នៅលើទូក កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅកណ្ដាលទន្លេ ស្ថិតក្នុងភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានស្រ្ដីម្នាក់បានឈឺពោះសម្រាលកូន ហើយភ្លាមៗនោះ ក្រុមគ្រួសារបានបញ្ជូនគាត់ ទៅកាន់មណ្ឌលសុខភាព។ ប៉ុន្ដែស្របពេលក្រុមគ្រួសារកំពុងតែបញ្ជូនគាត់តាមទូកនោះ ស្រាប់តែគាត់បានសម្រាលបានកូនស្រីម្នាក់ នៅលើទូក ដោយមានគ្រូពេទ្យឆ្មបរបស់មណ្ឌលសុខភាពភ្នំកុក មកជួយសម្រាល ប្រកបដោយសុវត្ថិភាព។
ក្រោយសម្រាលកូនរួចហើយ បច្ចុប្បន្នទាំងម្ដាយ និង ទារិការបស់គាត់ មានសុខភាពល្អជាធម្មតា។ ស្រ្ដីជាម្ដាយ ឈ្មោះ វ៉ាន់ ម៉ានី អាយុ៣១ឆ្នាំ រស់នៅភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី៕