ស្រីស្អាតម្នាក់ បន្លំលួចលុយរបស់មិត្តភក្ដិជាច្រើនដង ទម្រាំម្ចាស់ដឹង

ម្សិលមិញ ម៉ោង 09:10:AM

ខេត្តបន្ទាយមានជ័យ៖ ស្រ្ដីម្នាក់បានបន្លំលួចលុយមិត្តភក្ដិជាច្រើនលើកច្រើនសា អស់រាប់ពាន់ដុល្លារ តែចុងក្រោយបានបែកការ ដោយសារម្ចាស់បានឆែកមើលកាមេរ៉ាសុវត្ថិភាព ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ កាលពីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

ជនរងគ្រោះ បានរៀបរាប់ នៅក្នុងពាក្យបណ្ដឹង ថា គាត់បានស្គាល់គ្នាជាមួយ ឈ្មោះ ឡម ចិន្ដា អស់រយ:ពេលជាងមួយឆ្នាំកន្លងមកហើយ ព្រោះឈ្មោះ ឡម ចិន្ដា ជាអ្នកលក់ផលិតផលឡេលាបខ្លួន តាមអនឡាញ ហើយក៏ជាម៉ូយទិញឡេពីខ្លួនថែមទៀតផង។ ការរាប់អានគ្នា រវាងគាត់ និង ជនសង័្សយ មានភាពស្និទ្ធស្នាលនឹងគ្នាហាក់បីដូចបងប្អូនបង្កើតអ៊ីចឹង។ ជនសង័្សយតែងតែចេញចូលផ្ទះរបស់គាត់ ជាញឹកញាប់ ហើយតែងតែដើរលេងកម្សាន្តជាមួយគ្នាផងដែរ។

ជនរងគ្រោះ បានបន្ដ ថា នៅពេលដើរលេងម្ដងៗ គាត់តែងតែផ្ញើកាបូបប្រាក់របស់គាត់ ជាមួយនឹងឈ្មោះ ឡម ចិន្ដា ខណៈគាត់បានទៅបន្ទប់ទឹក ហើយតែងតែបាត់ប្រាក់ នៅក្នុងកាបូប ចន្លោះពី៥០០០បាត ទៅ៦០០០បាតលុយថៃ។ ប៉ុន្ដែគាត់មិនបានចាប់អារម្មណ៍នោះឡើយ គ្រាន់តែមានការសង្ស័យទៅលើឈ្មោះ ឡម ចិន្ដា តែប៉ុណ្ណោះ។ លុះមកដល់អំឡុងខែកញ្ញា ឆ្នាំ២០២៤ ឈ្មោះ ឡម ចិន្ដា បានមកសុំលក់កាហ្វេ នៅមុខតូបលក់អីវ៉ាន់របស់ខ្លួន ព្រមទាំងនាងបានសន្យាជួយលក់អីវ៉ាន់ឱ្យគាត់ ដោយមិនគិតថ្លៃឈ្នួល។ បន្ទាប់មក គាត់បានសម្រេចចិត្តលក់ជាមួយ ដោយគិត ថា ជាអ្នករាប់អានគ្នា។ លុះមកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ គាត់បានយកប្រាក់ចំនួន១០០០ដុល្លារអាមេរិក និងប្រាក់ថៃចំនួន១០០០បាត ទៅដាក់នៅក្នុងថតតុគិតលុយ នៅក្នុងតូបលក់អីវ៉ាន់ ដើម្បីទុកសងគេ ស្រាប់តែនៅវេលាម៉ោង៤ល្ងាចថ្ងៃខែដដែលនោះ ទើបគាត់ដឹង ថា បាត់លុយទាំងនោះ ទើបគាត់សួរទៅឈ្មោះ ឡម ចិន្ដា តែនាងបានឆ្លើយថា មិនដឹងទេ។

ជនរងគ្រោះ បានបន្ដ ថា ក្រោយមក នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឈ្មោះ ឡម ចិន្ដា បានបបួលគាត់ទៅលេង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លុះថ្ងៃបន្ទាប់ គាត់មិនបានឃើញឈ្មោះ ឡម ចិន្ដា មកលក់កាហ្វេ នៅមុខតូបរបស់គាត់ ទើបគាត់មានការសង្ស័យ ហើយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គាត់បានឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏ឃើញឈ្មោះ ឡម ចិន្ដា តែងតែធ្វើសកម្មភាពលួចយកប្រាក់របស់គាត់ ដែលទុកក្នុងថតតុ នៅក្នុងផ្ទះជាប្រចាំ សរុបជាប្រាក់ដែលបាត់ អស់ប្រហែល១ម៉ឺនដុល្លារអាមេរិក។ បន្ទាប់មកគាត់បានទៅដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

មន្រ្ដីអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹង ថា ការឃាត់ខ្លួនជនសង័្សយ ឈ្មោះ ឡម ចិន្ដា បញ្ជូនទៅកាន់តុលាការនេះ បានធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ នឿន វន្នី ដោយមានភស្ដុតាង ពីរូបភាពតាមកាមេរ៉ាសុវត្ថិភាពផងដែរ។ ជនសង័្សយ ឈ្មោះ ឡម ចិន្ដា ភេទស្រី អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា បើទោះជាឈ្មោះ ឡម ចិន្ដា មិនទទួលស្គាល់លើភស្ដុតាងរូបភាពកាមេរ៉ាសុវត្ថិភាពរបស់ដើមបណ្ដឹង យ៉ាងណាក្ដី តែកម្លាំងជំនាញរបស់គាត់ នៅតែកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតរបស់អយ្យការអមសាលាដំបូងខេត្ត៕

ពត័មានពេញនិយម