ខេត្តតាកែវ៖ ស្រ្ដីម្នាក់មានសតិមិនគ្រប់គ្រាន់ បានបាត់បង់ជីវិត កាលពីវេលាម៉ោង៨ និង ១៤នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រោយពេលរថភ្លើងបើកបុក បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោងប្រហែលជាង៧យប់ ថ្ងៃទី៦ ខែមករា កន្លងមកនេះ។
ប្រភពព័ត៌មាន បានដឹង ថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមករា មានករណីរថភ្លើងមួយខ្សែ បានបើកនៅក្នុងទិសដៅពីត្បូងទៅជើង ហើយបុកស្ត្រីមានសតិមិនគ្រប់គ្រាន់ ដែលកំពុងតែដើររើសអេតចាយ នៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ហេតុការណ៍នេះ បានបណ្ដាលឲ្យជនរងគ្រោះរងរបួសបាក់ដៃខាងស្ដាំ និង ជើងខាងស្ដាំ។
ក្រោយពេលកើតហេតុ ស្រ្ដីរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប៉ុន្ដែជាអកុសល ស្រ្ដីរងគ្រោះ បានទទួលមរណភាពហើយ កាលពីវេលាម៉ោង៨ និង១៤នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ រីឯសពរបស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកទៅធ្វើបុណ្យ នៅឯស្រុកកំណើត ស្ថិតក្នុងភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ៕