ព្យុះទីហ្វុងហ្គេមីដ៏កំណាចវាយបោកបក់យ៉ាងខ្លាំង បង្កើតជាទឹកជំនន់ជនលិចកោះតៃវ៉ាន់

26-កក្តដា-2024 - ម៉ោង 04:36:PM

ទីក្រុងតៃប៉ិ៖ ព្យុះទីហ្វុងហ្គេមី (Typhoon Gaemi) ដ៏កំណាច បានវាយប្រហារយ៉ាងខ្លាំង ទៅលើកោះតៃវ៉ាន់ ហើយវាបានបង្កទៅជាទឹកជំនន់ជន់លិច នៅតាមតំបន់មួយចំនួនរបស់ដែនកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ និង បានវាយពន្លិចដល់នាវាដឹកទំនិញចេញពីតៃវ៉ាន់ ឆ្ពោះទៅកាន់ខេត្តហ៊្វូជៀនរបស់ប្រទេសចិន។

សារព័ត៌មាន RNZ បានចេញផ្សាយកាលពីព្រឹក ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ថា ព្យុះទីហ្វុងហ្គេមី ដែលជាខ្យល់ព្យុះដ៏កំណាចបំផុត កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា បានវាយប្រហារយ៉ាងខ្លាំងពាសពេញតំបន់ភាគខាងជើងកោះតៃវ៉ាន់ ដោយបានសម្លាប់មនុស្ស ចំនួនពីរនាក់ ហើយបានបង្កទៅជាទឹកជំនន់ជន់លិចនៅតាមតំបន់មួយចំនួនរបស់ដែនកោះមួយនេះ និង បានវាយពន្លិចនាវាដឹកទំនិញមួយគ្រឿង នៅឆ្នេរសមុទ្រ នៅមុនពេលព្យុះនោះបានបោកបក់ទៅភាគភាគខាងលិច ដោយកាត់ច្រកសមុទ្រតៃវ៉ាន់ ឆ្ពោះទៅកាន់ប្រទេសចិន ដែលគេរំពឹង ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។

បើតាមមជ្ឈមណ្ឌលអាជ្ញាធរគ្រប់គ្រងអាកាសធាតុ បានឲ្យដឹង ថា ព្យុះទីហ្វុងហ្គេមី បានវាយប្រហារ កាលពីពាក់កណ្តាលអធ្រាត្រ ទៅលើស្រុកយីឡាន (Yilan) នាឆ្នេរភាគឦសានរបស់កោះតៃវ៉ាន់។ នេះជាព្យុះទីហ្វុងដ៏ខ្លាំងបំផុត ដោយបានវាយប្រហារមកលើកោះមួយនេះ នៅក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ ហើយព្យុះកំណាចមួយនេះ បានបោកបក់ នៅក្នុងល្បឿន រហូតដល់២២៧គីឡូម៉ែត្រ នៅក្នុងមួយម៉ោង នៅមុនពេលវាចុះខ្សោយមកវិញ។

បើគិតត្រឹមវេលាម៉ោង១២ និង ១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២៦ ខែកក្កដា ម៉ោងក្នុងស្រុក ព្យុះទីហ្វុងហ្គេមីនេះ បានបោកបក់ដល់ច្រកសមុទ្រតៃវ៉ាន់ ហើយវានឹងធ្វើដំណើរឆ្ពោះទៅកាត់ទីក្រុងហ៊្វូហ្ស៊ូ (Fuzhou) ដែលជាទីក្រុងធំរបស់ខេត្តហ៊្វូជៀន (Fujian) នៃប្រទេសចិន។ ព្យុះដ៏កំណាចមួយនេះ វាយប្រហារទៅលើតំបន់សមុទ្រភាគខាងកើតរបស់ប្រទេសចិន នៅឆ្នាំនេះ ដោយវាបានបង្កើតទៅជារលកពពកវិលជុំវិញ ភាគច្រើននៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ហើយបង្កឲ្យកើតមានស្ថានភាពអាកាសធាតុដ៏អាក្រក់ចេញពីហ្វីលីពីន ឆ្ពោះទៅកាន់កោះអូគីណាវ៉ារបស់ប្រទេសជប៉ុន៕

ពត័មានពេញនិយម