ព្រះសង្ឃធុតង្គមួយអង្គ ត្រូវឃាតករ លបធ្វើគុត

22 ម៉ោងមុន

ខេត្តកំពង់ស្ពឺ៖ ព្រះសង្ឃធុតង្គមួយអង្គ គង់នៅលើភ្នំតែមួយអង្គ ត្រូវបានឃាតករមិនស្គាល់អត្ដសញ្ញាណធ្វើគុត រហូតព្រះសពហើម ទើបគេប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅលើភ្នំវត្តពុទ្រារាម ស្ថិតក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមបុរសម្នាក់ បានរៀបរាប់ នៅក្នុងឃ្លីបវីដូមួយ ហើយត្រូវបានគេបង្ហោះចែកតៗគ្នា នៅតាមបណ្ដាញសង្គមនានា បានឲ្យដឹង ថា ព្រះសង្ឃរងគ្រោះអង្គនេះ ជាបងបង្កើតរបស់គាត់ ហើយព្រះអង្គបានទៅគង់នៅវត្ដពុទ្រារាម នៅលើភ្នំនេះ អស់រយៈពេលជាយូរឆ្នាំកន្លងមកហើយ។ ព្រះអង្គមិនដែលមានជម្លោះជាមួយនឹងអ្នកណាម្នាក់នោះទេ ចុះហេតុអ្វីបានជាមានអ្នកទៅធ្វើគុតព្រះអង្គ? ជាមួយគ្នានេះ គាត់បានស្នើសុំដល់អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ ជួយស្រាវជ្រាវស្វែងរកឃាតករ ដើម្បីនាំមកផ្ដន្ទាទោសតាមច្បាប់។

ស្របគ្នានេះដែរ បើតាមភិក្ខុសង្ឃមួយអង្គ បានសរសេរសារបង្ហោះនៅតាមបណ្ដាញសង្គម ថា សូមប្រគេន និង ជូនដំណឹងបឋម អំពីករណីឃាតកម្ម មកលើភិក្ខុមួយអង្គ ព្រះនាម គាត សម្បត្តិ គង់នៅវត្តពុទ្រារាម ហៅ វត្ដពុទ្រា ស្ថិតក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ព្រះសង្ឃអង្គនេះ បានមកគង់ធ្វើធុតង្គ នៅវត្តពុទ្រា នៅលើភ្នំអស់រយៈពេលជាយូរឆ្នាំមកហើយ តែឥឡូវកម្លាំងសមត្ថកិច្ច កំពុងតែធ្វើកោសល្យវិច័យ លើព្រះសពរបស់ព្រះអង្គ។

បើតាមលោក ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឲ្យដឹង ថា គាត់បានទទួលព័ត៌មាន អំពីករណីព្រះសង្ឃសុគត។ ប៉ុន្ដែករណីនេះ គាត់មិននៅទាន់ដឹងច្បាស់ ថា ជាករណីអ្វីឲ្យប្រាកដនៅឡើយ។ ដូច្នេះមានតែយើងរង់ចាំសមត្ថកិច្ចជំនាញ ពិនិត្យ និង ធ្វើកោសល្យវិច័យ ទើបដឹងការពិត៕

ពត័មានពេញនិយម