រាជធានីភ្នំពេញ ៖ តារាកំប្លែងមាឌល្អិតនាយក្រិន បានទម្លាយពីការជាប់បំណុលប្រមាណ១០ម៉ឺនដុល្លារ ដែលលោកត្រូវទទួលរ៉ាប់រងបង់ជារៀងរាល់ខែ ខណៈពេលដែលរហូតមកទល់ពេលនេះ អាជីពសិល្បៈរបស់លោក ហាក់នៅបន្តស្ងប់ស្ងាត់ដដែល ។
ក្រោយពីបរាជ័យនៅក្នុងការបើកមុខរបររកស៊ីដោយខ្លួនឯង ទាំងការបើកហាងផឹកស៊ី និងវង់ល្ខោននោះ នាយ ក្រិន ក៏បានជាប់ផុងជាមួយនឹងបំណុលរាប់ស៊ិបម៉ឺនដុល្លាររហូតមកដល់បច្ចុប្បន្ន ដោយសារទុនដែលលោកបានខ្ចីពីធនាគារនៅក្នុងការរកស៊ីនេះ ត្រូវខាតបង់ទាំងស្រុង ។
ក្នុងបទសម្ភាសន៍មួយនាយក្រិនបានលើកឡើងថា បច្ចុប្បន្ន លោកកំពុងជាប់បំណុលធនាគារប្រមាណ៦ម៉ឺនដុល្លារ ហើយនឹងជាប់លុយខ្ចីគេខាងក្រៅបន្ថែមទៀតជិត៣ម៉ឺនដុល្លារ ដែលសរុបទាំងអស់គឺជិត១០ម៉ឺនដុល្លារ ។
លោកបញ្ជាក់ថា ការខ្ចីលុយធនាគារដ៏ច្រើននេះ គឺលោកខ្ចីយកមករកស៊ីកាលពីពេលកន្លងទៅ ដោយបើកហាងផឹកស៊ី និងបើករោងល្ខោន ហើយពេលនេះមុខរបរទាំងអស់នោះមិនបានទទួលជោគជ័យ និងបិទជាស្ថាពរ នោះជាហេតុធ្វើឲ្យលោកជំពាក់បំណុលដ៏ច្រើនមួយនេះ ។
លោកបានបន្តរថា យើងយកលុយគេមកម្តងបន្តិចៗ ដើម្បីរកស៊ី ហើយដោយសារយើងមិនអាចរកលុយបង់ធនាគារទាន់នោះ ទើបយើងរត់រកកម្ចីឯកជន ដើម្បីដោះធនាគារ ដោយរំពឹងទទួលបានក្រេឌីតល្អពីធនាគារ តែពេលនេះ វាមិនល្អអីអាខាងក្រៅក៏មិនល្អ ឯធនាគារក៏វាលំបាក ។
លោកបន្ថែមទៀតថា សម្រាប់កម្ចីធនាគារគឺមិនមានការយោគយល់ឡើយ ពោលគឺដល់ខែដល់ថ្ងៃត្រូវតែបង់ដាច់ខាត ប៉ុន្តែសម្រាប់កម្ចីអ្នកស្រុកអ្នកភូមិគឺពួកគាត់មានការយោគយល់ខ្លះដែរ ។ យ៉ាងណា បើតាមនាយក្រិន សម្រាប់ការជំពាក់បំណុលនេះ លោកនៅតែព្យាយាមរកដើម្បីដោះ ហើយកន្លងមកលោកក៏ធ្លាប់ប្រកាសដាក់លក់ដីផ្ទាល់ខ្លួនផងដែរ ដោយដីនេះលោកដាក់លក់ប្រមាណ១០ម៉ឺនដុល្លារ ។
នាយ ក្រិន បន្ថែមថា ទោះជាស្ថិតនៅក្នុងការលំបាក ដោយក្នុងពេលនេះលោកត្រូវទទួលរ៉ាប់រងចិញ្ចឹមកូន៣នាក់ និងឪពុកដែលកំពុងមានជំងឺ និងភាពចាស់ជរានៅក្នុងបន្ទុក តែលោកនៅតែតស៊ូព្យាយាមរកប្រាក់មកផ្គត់ផ្គង់គ្រួសារ និងដោះបំណុលគេនាពេលនេះ ។
គួរបញ្ជាក់ផងដែរថា ក្រោយពីការលែងលះភរិយាទី២នោះមក នាយ ក្រិន ក៏ត្រូវទទួលរ៉ាប់រងចិញ្ចឹមកូន៣នាក់នៅក្នុងបន្ទុក ស្របពេលដែលមុខរបររកស៊ីបើកហាងផឹកស៊ីរបស់លោកនៅផ្លូវ២០០៤ ក៏ត្រូវបានបិទលេងដំណើរការផងដែរ ។
ជាងនេះទៅទៀត មុខរបរបើកវង់ល្ខោនផ្ទាល់ខ្លួនរបស់លោក ក៏ត្រូវបានបិទដូចគ្នាក្រោយដំណើរបានជាង៣ឆ្នាំមកនេះ ក្នុងពេលដែលវង់ល្ខោនរបស់លោកបានចំណាយទុនជាង៥ម៉ឺនដុល្លារ ។ ដោយឡែក ពាក់ព័ន្ធអាជីពកំប្លែងវិញនាយ ក្រិន ធ្លាប់បានលើកឡើងថា នៅពេលនេះលោកមិនមានវង់សម្តែងជាមួយអ្នកណាឡើយ បន្ទាប់ពីរំសាយពីក្រុមនាយកុយ នោះមក ។
លោកបញ្ជាក់ថា កន្លងមក ដោយសារមិនមានកម្មវិធីសម្តែងកំប្លែងតាមប៉ុស្តិ៍នោះ ក្រុម នាយ កុយ ក៏បានរំសាយក្រុម ដោយកូនក្រុមបានចេញទៅធ្វើការរៀងខ្លួន ។ យ៉ាងណា កន្លងមក លោកក៏ធ្លាប់ត្រូវបាននាយ កុយ ហៅអោយទៅសម្តែងម្តងម្កាលដែរ ប៉ុន្តែដោយសារលោកនៅឆ្ងាយ (បាត់ដំបង) ហេតុនេះលោកមិនអាចទៅកើត ។ លោកថា មិនអាចទៅកើតបដោយសារលោកនៅឆ្ងាយត្រូវចំណាយការធ្វើដំណើរ និងហូបចុកស្នាក់នៅ ខណៈពេលការសម្តែងតាមប៉ុស្តិ៍ទូរទស្សន៍ គឺបានកម្រៃតិចតួចប៉ុណ្ណោះ ។ ទោះជាយ៉ាងណា បើតាមនាយ ក្រិន ប្រសិនបើមានការហៅសម្តែងញឹកញាប់នោះលោកនឹងទៅ ។
នាយ ក្រិន បានលើកឡើងបន្ថែមថា បច្ចុប្បន្ន លោកមិនសូវមានការសម្តែងច្រើនឡើយ ដោយសារលោកបានមករស់នៅស្រុកកំណើតខេត្តបាត់ដំបង ប៉ុន្តែយូរៗម្តងមានគេហៅថតជាឃ្លីបបង្ហោះតាមយូធូប និងគេហៅលេងល្ខោនម្តងម្កាលដែរ ។
លោកបញ្ជាក់ថា ដោយសារខ្សត់ទីផ្សារសម្តែង និងការបិទរោងល្ខោនផ្ទាល់ខ្លួននាពេលនេះ គឺលោកបានជួបបញ្ហាជីវភាពយ៉ាងខ្លាំង ដោយសារមួយខែៗលោករកលុយសម្រាប់បង់ថ្លៃជំពាក់គេសឹងតែមិនគ្រប់ ៕