សហភាពអ៊ឺរ៉ុប ចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជា សម្រាប់វិស័យសកម្មភាពមីន

22 ម៉ោងមុន

សហភាពអ៊ឺរ៉ុប ចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជាសម្រាប់វិស័យសកម្មភាពមីន។ នេះជាការលើកឡើងរបស់លោកស្រី Lotte Knudsen ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក្នុងជំនួបទ្វេភាគីជាមួយ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ជំនួបនេះ ក៏មានការចូលរួមពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ផងដែរ។

ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់សហភាពអ៊ឺរ៉ុប ចំពោះការរួមចំណែកគាំទ្រ ដល់ភាពជាប្រធានអនុសញ្ញាអូតាវ៉ារបស់កម្ពុជា និងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ក៏ដូចការគាំទ្រដល់ការអនុវត្ត របស់អនុសញ្ញាអូតាវ៉ា ផងដែរ។

ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ក្នុងនោះដូចជា សកម្មភាពនៃការកៀរគរ រដ្ឋមិនមែនភាគីឱ្យចូលរួមជារដ្ឋភាគីអនុសញ្ញា, ការស្វែងរកការបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ និងការគាំទ្ររបស់បុរីវ៉ាទីកង់ សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ជាដើម។

លោកបណ្ឌិត លី ធុជ ក៏បានស្នើសុំឱ្យសហភាពអ៊ឺរ៉ុប បន្តលើកទឹកចិត្តបណ្តាប្រទេសមួយចំនួន ដែលមិនទាន់ក្លាយជារដ្ឋភាគី ឱ្យពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។

លោកស្រី Lotte Knudsen ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប កោតសរសើរចំពោះភាពជាប្រធានរបស់កម្ពុជា និងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។ សហភាពអ៊ឺរ៉ុប នឹងបន្តគាំទ្រដល់ការធ្វើសកលភាវូបនីយកម្មមិនត្រឹមតែរក្សាទុកនូវប្រទេសជារដ្ឋភាគីទាំង ១៦៤ ប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តដល់ប្រទេសដទៃទៀត ដែលមិនទាន់ក្លាយជារដ្ឋភាគីឱ្យពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញា។

លោកស្រី Lotte Knudsen បានគូសបញ្ជាក់ទៀតថា សហភាពអ៊ឺរ៉ុប មិនត្រឹមតែគាំទ្រជាហរិញ្ញវត្ថុសម្រាប់អនុសញ្ញាប៉ុណ្ណោះទេ ថែមផ្តល់ការគាំទ្រដល់វគ្គបណ្តុះបណ្តាល សម្រាប់វិស័យសកម្មភាពមីន ផងដែរ ហើយលោកស្រីចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជាលើផ្នែកវិស័យសកម្មភាពមីន៕

ពត័មានពេញនិយម