រថយន្ដធុនធំ២គ្រឿងបុកគ្នា ក្រឡាប់ដេកលើថ្នល់ ទាំងព្រឹកព្រលឹម

21 ម៉ោងមុន

ខេត្តត្បូងឃ្មុំ៖ រថយន្ដធុនធំដឹកដំឡូងរាប់សិបតោនមួយគ្រឿង បានបើកយ៉ាងលឿន ជ្រុលចង្កូតទៅបុកគូទរថយន្ដធុនធំមួយគ្រឿង នៅខាងមុខ បណ្ដាលឲ្យក្រឡាប់ចាក់មើមដំឡូងមី ចោលពេញដី បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីព្រឹកព្រលឹម ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅមុខវត្ដដារ តាមផ្លូវជាតិលេខ៧ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៩៧ ស្ថិតក្នុងភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានរថយន្ដធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បានបើកដឹកមើមដំឡូងមីរាប់សិបតោន តាមបណ្ដោយផ្លូវជាតិលេខ៧ ស្របទិសគ្នាជាមួយនឹងរថយន្ដធុនធំមួយគ្រឿងទៀត។ លុះពេលរថយន្ដដឹកមើមដំឡូងមី បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគូទរថយន្ដធុនធំនៅពីមុខ ហើយបានរេចង្កូតធ្លាក់កង់ចូលទៅក្នុងចង្អូរទឹក នៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យក្រឡាប់ដេកនៅលើថ្នល់ ចាក់មើមដំឡូងមី ចោលពេញមុខវត្ដ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និង វាស់វែង ហើយបានចាត់ការតាមនីតិវិធី។ បើទោះជាយ៉ាងណាក៏ដោយ បើតាមសេចក្ដីរាយការណ៍ បានអះអាង ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់មនុស្សណាម្នាក់នោះឡើយ៕

ពត័មានពេញនិយម