ចេញពីផឹកស្រវឹង ខឹងបើកម៉ូតូបុករថយន្ដ ដកកូនកាំបិតដេញសមត្ថកិច្ច

21 ម៉ោងមុន

 

ខេត្តព្រះសីហនុ៖ បុរសម្នាក់ទើបនឹងចេញពីផឹកស្រវឹង បានបើកម៉ូតូទៅបុកគូទរថយន្ដ ដួលទៅលើថ្នល់ បណ្ដាលឲ្យរងរបួស ហើយគ្រាន់តែគេងើបឡើងមកវិញ ក៏ដកកូនកាំបិតដេញប្រជាពលរដ្ឋ សមត្ថកិច្ច និង ក្រុមអ្នកជួយសង្គ្រោះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង ៤៩នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវកោង នៅជិតសណ្ឋាគារស៊ីហ៊ូ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍នោះ មានបុរសម្នាក់ បានបើកម៉ូតូ ទាំងស្ថានភាពស្រវឹង ស្របទិសគ្នាជាមួយនឹងរថយន្ដមួយគ្រឿង មិនចាំម៉ាក និង ស្លាកលេខ។ លុះពេលគេបានបើកម៉ូតូ មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគូទរថយន្ដនោះ បណ្ដាលឲ្យដួល រងរបួស និង រងការខូចខាត។ រីឯរថយន្ដក៏បានបន្ដដំណើរទៅមុខបាត់ទៅស្រមោល។ ដោយឡែក បុរសជាអ្នកបើកម៉ូតូម្នាក់នេះវិញ បែរជាខឹងច្រឡោត ហើយបានដកកូនកាំបិត ដើរច្រងែងច្រងាងដាក់ប្រជាពលរដ្ឋ សមត្ថកិច្ច និង ក្រុមជួយសង្គ្រោះ ធ្វើឲ្យពួកគាត់រត់គេចចេញ ដើម្បីសុវត្ថិភាព។

ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រោយពេលសមត្ថកិច្ច បាននិយាយលួងលោម អស់រយៈពេលមួយសន្ទុះ ទើបអ្នកស្រវឹងម្នាក់នេះ បានយល់ព្រមទម្លាក់កូនកាំបិត និង ប្រគល់ទៅឲ្យសមត្ថកិច្ច។ បន្ទាប់មក ក្រុមជួយសង្គ្រោះ បានដឹកជននេះ ទៅព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

ពត័មានពេញនិយម