រថយន្ដធុនធំមួយគ្រឿង កិនអ្នកជិះម៉ូតូម្នាក់ខ្ទេចក្បាល

25-កក្តដា-2024 - ម៉ោង 09:50:AM

រាជធានីភ្នំពេញ៖ បុរសម្នាក់ កំពុងតែជិះម៉ូតូ តាមបណ្ដោយផ្លូវ ស្រាប់តែមកជួបនឹងគ្រោះអកុសល ទាក់ដៃចង្កូតគ្នាដួលទៅលើថ្នល់ ចូលក្រោមកង់រថយន្ដធុនធំមួយគ្រឿង កិនខ្ទេចក្បាល បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច កាលពីវេលាម៉ោង៨ និង ៣៥នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មានបុរសម្នាក់ បានជិះម៉ូតូ ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1G-9131 តាមបណ្ដោយផ្លូវជាតិលេខ៤។ លុះពេលជនរងគ្រោះ បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ជួបនឹងគ្រោះអកុសលទាក់ដៃចង្កូត ដួលទៅលើថ្នល់ ហើយត្រូវបានរថយន្ដធុនធំមួយគ្រឿងមិនស្គាល់ម៉ាក និង ស្លាកលេខ បើកមកដល់កិនចំពីលើក្បាល បែកចេញខួរមកក្រៅ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម័យមួយរំពេច។ រីឯរថយន្ដធុនធំនោះ បានបើកបន្ដទៅមុខយ៉ាងល្បឿន គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតេហតុ មន្រ្ដីជំនាញចរាចរណ៍ បានចុះទៅពិនិត្យ និង ស្រាវជ្រាវស្វែងរកសាច់ញាតិ ខណៈសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្ដសញ្ញាណរបស់ជនរងគ្រោះនៅឡើយ បន្ទាប់ពីកើតហេតុភា្លមៗ៕