អាវុធហត្ថរាជធានី បង្ក្រាបជនទំនើងប្រុស-ស្រីក្មេងៗជិត២០នាក់ ពពាក់ពពូនគ្នាសេពគ្រឿនញៀន

22-កក្តដា-2024 - ម៉ោង 08:34:PM

រាជធានីភ្នំពេញ៖ ជនទំនើងប្រុស-ស្រីក្មេងៗជាច្រើននាក់ តែងតែមិនស្ដាប់ដំបូន្មានល្អៗរបស់ឪពុកម្ដាយ ឬ អាណាព្យាបាល ហើយបាននាំគ្នាទៅពពាក់ពពូនគ្នាសេពគ្រឿងញៀន ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថ បង្ក្រាប និង ឃាត់ខ្លួន ជាបន្ដបន្ទាប់ចំនួន១៧នាក់ ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយតុលាការ បានសម្រេចឃុំខ្លួន នៅក្នុងមណ្ឌលអប់រំ-កែប្រែ។


បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង ថា ជនទំនើងប្រុស-ស្រីក្មេងៗទាំង១៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្ដបន្ទាប់ ខណៈពួកគេបាននាំគ្នាសេពគ្រឿងញៀន នៅក្នុងបន្ទប់ជួលគ្មានលេខ ភូមិជ្រៃកោង សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ, នៅតាមសំណង់អនាធិបតេយ្យ ស្ថិតក្នុងភូមិ ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក, នៅតាមផ្លូវបេតុងទល់មុខសាលាបឋមសិក្សាបាក់ទូក ស្ថិតក្នុងសង្កាត់៧មករា ខណ្ឌ៧ មករា និង នៅក្នុងបន្ទប់ជួលគ្មានលេខ ផ្លូវរទេះភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ការឃាត់ខ្លួនជនសង័្សយទាំងនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនក្រាមសថ្លាសរុប ៤៤កញ្ចប់ (ធំ-តូច), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣, សម្ភារប្រើប្រាស់គ្រឿងញៀន និង ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត។

ក្រោយពេលឃាត់ខ្លួនរួចមក មន្រ្ដីជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង័្សយប្រុស-ស្រីទាំង១៧នាក់ ទៅកាន់មណ្ឌលកែប្រែផ្សេងៗគ្នា ដោយក្នុងនោះមានចំនួន១៣នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយតុលាការបានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១, មណ្ឌលអប់រំកែប្រែអប់រំទី២ ខណៈជនសង័្សយចំនួន៤នាក់ទៀត ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល៕