សមត្ថកិច្ចក្រុងព្រះសីហនុ ចាប់និងឃាត់ខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធ ករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងឃាតកម្ម

3 ម៉ោងមុន

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានពាក្យបណ្តឹងថា មានបុរសជនជាតិចិន ចំនួន២នាក់ បានប្រើប្រាស់អាវុធខ្លីចំនួន១ដើម (មិនស្គាល់ម៉ាក) ធ្វើសកម្មភាព បាញ់ទៅលើបុរសជនជាតិចិនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចបូរី BS.05 ក្រុម១៧ ភូមិ៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣:០០នាទី។ បន្ទាប់ពី ធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៦៖ ០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់ រួមមាន ទី១៖ ឈ្មោះ ZHANG HAO ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន, ទី២ឈ្មោះ WANG SHENG HOU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន និងទី៣៖ឈ្មោះ YANG OU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន។ វត្ថុតាងដកហូតបានរួមមាន៖ រថយន្ត៣គ្រឿង, អាវុធខ្លីមួយដើម, គ្រាប់ ប្រភេទ380mm ចំនួន១០គ្រាប់ និងសំបកកន្ទុះចំនួន១គ្រាប់, ខ្នោះដៃចំនួន២, ផ្លាកលេខរថយន្ត២គូ និងទូរស័ព្ទដៃ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ពត័មានពេញនិយម