សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងបរិបទអន្តរជាតិមានភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាគ្រប់បែបយ៉ាង កម្ពុជាក៏អាចទទួលនូវកាលានុវត្តភាពមួយចំនួនផងដែរ ប្រសិនបើយើងប្រកាន់ភាពបត់បែននិងតាមទាន់ សភាពការប្រែប្រួលក្នុងតំបន់និងពិភពលោក ហើយអាចត្រៀមឱ្យបាននៅក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាពនិងប្រើប្រាស់លក្ខខណ្ឌអំណោយផលទាំងឡាយដែលអាចកើតចេញពីការវិវត្តសភាពការណ៍នេះ សម្រាប់លើកកម្ពស់សមត្ថភាពនិងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ដោយជំរុញលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្មក៏ដូចជា ការទាក់ទាញបន្ថែមនូវការវិនិយោគនិងធុរកិច្ចដែលអាចផ្លាស់ប្តូរទីតាំងចេញពីតំបន់ផ្សេង។
ក្នុងឱកាសអញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បីរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ក្នុងការបង្កើននិងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាពនៃយន្តការដឹកនាំនៅក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសនៅក្នុងវិស័យការបរទេស និងកិច្ចសហប្របត្តិការអន្តរជាតិ និងវិស័យពាណិជ្ជកម្មដោយផ្ដោតជាសំខាន់លើការជំរុញអនុវត្តលើគោលនយោបាយការបរទេសប្រកបដោយភាពបត់បែននិងឈ្លាសវៃ ឈរលើមូលដ្ឋានឯករាជ្យនិងច្បាប់អន្តរជាតិ ការប្ដេជ្ញាការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ការការពារសន្តិភាព និងស្ថេរភាពសង្គម ការការពារយុត្តិធម៌ និងកិត្យានុភាពកម្ពុជា ការបន្តយកចិត្តទុកដាក់ក្នុងថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាព និងសហប្រតិបត្តិការពហុវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្ដាប្រទេស និងដៃគូសំខាន់ៗទាំងក្នុងតំបន់ និងក្រៅតំបន់និងលើឆាកអន្តរជាតិ ព្រមទាំងការបន្តចូលរួមកាន់តែសកម្មនៅក្នុងបុព្វហេតុសន្តិភាព ស្ថេរភាព និងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាលើពិភពលោក។
ជាការអបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំនួស ឯកឧត្តម សុខ ចិន្ដាសោភា ដែលបន្តតំណែងជាឧបនាយករដ្ឋមន្ត្រី សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា «បទពិសោធន៍របស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបទពិសោធន៍របស់ ឯកឧត្តម សុខ ចិន្ដាសោភា ក្នុងវិស័យពាណិជ្ជកម្មនិង វិនិយោគ ពិតជាបានបង្កើននូវសមត្ថភាពនិងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តគោលនយោបាយការបរទេសនិង ពាណិជ្ជកម្មរបស់កម្ពុជាលើឆាកអន្តរជាតិប្រកបដោយភាពបត់បែននិងអាចប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ»។
ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ បានសម្ដែងការកោតសរសើរអស់ពីដួងចិត្តនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្រជូនចំពោះអង្គរដ្ឋសភាដែលជានិច្ច ក្នុងនាមជាស្ថាប័ននីតិបញ្ញត្តិដែលទទួលនូវសេចក្ដីទុកចិត្តយ៉ាងពេញលេញពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសតែងតែបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រទេសជាតិក្នុងការផ្ដល់នូវការគាំទ្រសព្វបែបយ៉ាងដល់រាជរដ្ឋាភិបាលនូវក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
សូមជម្រាប់ជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បីរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរបៀបវារ:សំខាន់ៗមួយចំនួនទៀត។
សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ មានរបៀបវារៈចំនួន ៤៖
១) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០២ រូប ។
២) ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
៣) ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
៤) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕