រាជធានីភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ដបត់ចូលស្ថានីយប្រេងឥន្ធនៈមិនប្រយ័ត្ន ធ្វើឲ្យអ្នកបើកម៉ូតូ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្ដ ហើយនាំឲ្យមានការឈ្លោះប្រកែកគ្នា រវាងម្ចាស់រថយន្ដ និង អ្នកឃើញហេតុការណ៍ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈភីធីធី តាមផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បានបើករថយន្ដ ម៉ាកហ្វដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CB-8178 តាមបណ្ដោយផ្លូវលេខ១៩៨៦។ លុះពេលគាត់បានបើករថយន្ដ មកដល់ចំណុចកើតហេតុ ក៏បត់ចូលស្ថានីយប្រេងឥន្ធនៈ ធ្វើឲ្យយុវជនម្នាក់ជិះម៉ូតូមកត្រង់ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុករថយន្ដ។ បើទោះជាយ៉ាងណា ករណីនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់មនុស្សនោះឡើយ។ ប៉ុន្ដែភ្លាមៗនោះ អ្នកឃើញហេតុការណ៍ ក៏បានស្ដីបន្ទោសទៅលើអ្នកបើករថយន្ដ ទើបបង្កឲ្យមានការឈ្លោះប្រកែកគ្នាមួយប្រាវ រវាងម្ចាស់រថយន្ដ និង អ្នកឃើញហេតុការណ៍។
ក្រោយពេលជជែកគ្នាមួយសន្ទុះរួចមក ពួកគេបានសម្របសម្រួលគ្នា ហើយទាំងអ្នកបើកបររថយន្ដ អ្នកជិះម៉ូតូរងគ្រោះ និង អ្នកឃើញហេតុការណ៍ ក៏បានចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនទៅ៕