រថយន្ដដឹកអ្នកដំណើរមួយគ្រឿង ក្រឡាប់ផ្ងារជើង ចាក់មនុស្សចោលកណ្ដាលវាលស្រែ

18-វិច្ឆិកា-2024 - ម៉ោង 10:06:AM

ខេត្តកំពង់ធំ៖ រថយន្តទេសចរណ៍មួយគ្រឿងរបស់ក្រុមហ៊ុនខេបូលីង បានបើកបរយ៉ាងលឿន ស្រាប់តែរេចង្កូតខុសផ្លូវ ក្រឡាប់ផ្ងារជើង នៅកណ្ដាលវាលស្រែ បណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ និង ស្រាល កាលពីវេលាម៉ោង៥ និង ៣០នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦អា ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១៨-២១៩ ស្ថិតក្នុងភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានរថយន្ដដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនខេបូលីង ម៉ាកហាយ៉ាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS -7983 បានដឹកមនុស្សចំនួន១៥នាក់ បើកបរយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៦អា នៅក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប។ លុះពេលរថយន្តនេះបានបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតខុសផ្លូវ ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្សចំនួន៨នាក់ រងរបួសធ្ងន់ស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង យករថយន្ដទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។ ដោយឡែក អ្នករងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

ពត័មានពេញនិយម