ព្រះរាជអាជ្ញាខេត្តតាកែវ នាំគ្រូពេទ្យ២នាក់ប្ដីប្រពន្ធចាក់ថ្នាំស្រ្ដីម្នាក់ស្លាប់ មកធ្វើត្រាប់

20 ម៉ោងមុន

 

ខេត្តតាកែវ៖ ក្រោយពេលសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា មានទីតាំងស្រុកបាទី ខេត្តតាកែវ រួចមក ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាខេត្តតាកែវ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងនគរបាលជំនាញ នាំខ្លួនជនសង័្សយ មកធ្វើត្រាប់តាមសកម្មភាពរបស់ពួកគេ លើកសាកសពរបស់ស្រ្ដីរងគ្រោះ យកទៅប្លុងចោល នៅក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិម្រះព្រៅកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

បើតាមក្រុមគ្រួសាររបស់ស្រ្ដីរងគ្រោះ បានរៀបរាប់តាមដំណើររឿង នៅមុនពេលកើតទង្វើអមនុស្សធម៌របស់ម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា ថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រ្ដីរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ៤១ឆ្នាំ រួមជាមួយក្មួយស្រី ឈ្មោះ ណូន សៀវហ្វាន អាយុ៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារ ថា គាត់ទៅរកគ្រូពេទ្យ ដើម្បីឲ្យចាក់ថ្នាំព្យាបាលជំងឺរបស់គាត់។ ចាប់តាំងពីគាត់បានចាកចេញពីផ្ទះ រហូតដល់យប់ជ្រៅ ក៏នៅតែមិនឃើញស្រីរងគ្រោះ វិលត្រឡប់មកវិញ។ ប៉ុន្ដែដោយសារតែការបាត់ជនរងគ្រោះ មានរយៈពេលយូរ ហើយមិនឃើញត្រឡប់មកផ្ទះវិញនោះ ក្រុមគ្រួសារក៏មានការព្រួយបារម្ភយ៉ាងខ្លាំង ទើបនាំគ្នាតាមរកជនរងគ្រោះ រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ នៅក្នុងព្រៃ នាខាងត្បូងភូមិ ដោយឃ្លាតពីផ្ទះរបស់គ្រូពេទ្យ មានចម្ងាយប្រហែល៣០០ម៉ែត្រ តែមិនឃើញជនរងគ្រោះនោះឡើយ។

ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រុមគ្រួសាររបស់ជនរងគ្រោះ បានព្យាយាមដើរតាមរកជនរងគ្រោះ អស់រយៈពេលជាច្រើនម៉ោង នៅតែរកមិនឃើញ ទើបនាំគ្នាមកសម្រាកវិញ ដោយក្ដីព្រួយបារម្ភ អំពីសុវត្ថិភាពរបស់ជនរងគ្រោះ។ លុះមកដល់វេលាម៉ោង៥ និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែប្រជាពលរដ្ឋ បានប្រទះឃើញសាកសពរបស់ស្រ្ដីរងគ្រោះ និង ក្មេងស្រីម្នាក់ កំពុងតែអង្គុយនៅក្បែរសាកសព នៅជិតគុម្ពសង្កែ នៅក្បែរផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា ក្រោយពេលមានសេចក្ដីរាយការណ៍បែបនេះ កម្លាំងកងរាជអាវុធហត្ថស្រុកបាទី និង កម្លាំងនគរបាលស្រុក បានចុះដល់ទីតាំងកើតហេតុ ហើយមន្រ្ដីជំនាញ និង ក្រុមគ្រូពេទ្យ បានធ្វើកោសល្យវិច័យទៅលើសាកសពរបស់ជនរងគ្រោះ។ ជាលទ្ធផល នៃការពិនិត្យ និង កោសល្យវិច័យនោះ ក្រុមមន្រ្ដីជំនាញ បានរកឃើញ ថា ស្រ្ដីរងគ្រោះ បានស្លាប់ ដោយសារតែប្រតិកម្មជាមួយនឹងការចាក់ថ្នាំ។ បន្ទាប់មក សមត្ថកិច្ចក៏បានស្រាវជ្រាវបន្ដតាមជំនាញរបស់ខ្លួន រហូតឈានដល់ការឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពសុងហាក់ម៉ារីណា ទាំងពីរនាក់ប្ដីប្រពន្ធ ដោយប្ដីឈ្មោះ ហៀង សុងហាក់ អាយុ៣៧ឆ្នាំ មុខរបរជាគ្រូពេទ្យ និង ប្រពន្ធឈ្មោះ ស៊ុន ម៉ារីណា អាយុ៣៩ឆ្នាំ មុខរបរជាគ្រូពេទ្យ ធ្វើការនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។ ពួកគេទាំង២នាក់ មានទីលំនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ៕

ពត័មានពេញនិយម