សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាកោះគុត រាជរដ្ឋាភិបាលកម្ពុជា នៅបន្តចរចាជាមួយភាគីថៃ មិនទាន់ឯកភាពគ្នានៅឡើយ

21-វិច្ឆិកា-2024 - ម៉ោង 12:24:PM

អាចជារូបភាពនៃ 14 នាក់, ជើងតម្កល់ និង អត្ថបទ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងអំពីបញ្ហាកោះគុត ដែលជាចំណុចត្រួតស៊ីគ្នារវាងព្រំដែនកម្ពុជា-ថៃ ដោយសម្តេចបានបញ្ជាក់ថា រហូតដល់ពេលនេះ ភាគីរដ្ឋាភិបាលកម្ពុជា-ថៃ នៅតែបន្តចរចាគ្នាទ្វេភាគី ដោយមិនទាន់ឯកភាពគ្នានៅឡើយ។

អាចជារូបភាពនៃ 5 នាក់, ប្រាសាទ និង អត្ថបទ

សម្តេចតេជោ បានឆ្លៀតយកឱកាសនេះ ព្រមានទៅក្រុមប្រឆាំងជ្រុលនិយមកម្ពុជាដែលនៅក្រៅប្រទេស កុំឱ្យព្យាយាមយកបញ្ហានេះ កេងចំណេញនយោបាយ ហើយចង់រុញប្រជាពលរដ្ឋឱ្យបះបោរ។ សម្តេចក៏បានប្រាប់ទៅក្រុមប្រឆាំងថៃ ឱ្យទុកលទ្ធភាពឱ្យរដ្ឋាភិបាលថៃ ចរចាជាមួយកម្ពុជាដោយសន្តិវិធីផងដែរ។ ទន្ទឹងនឹងនេះ សម្តេចក៏បំផុសថា តើដល់ពេលវេលាដែលត្រូវរៀបចំច្បាប់ ដាក់ក្រុមប្រឆាំងជ្រុលនិយមកម្ពុជាដែលនៅក្រៅប្រទេសជាក្រុមភេរវករឬយ៉ាងណា ដោយសារតែក្រុមនេះចេះតែញុះញង់អុចអាល ឱ្យប្រជាពលរដ្ឋបះបោរ និងរុញបង្កើតជម្លោះជាមួយប្រទេសជិតខាងរហូតមក។

អាចជារូបភាពនៃ 4 នាក់ និង អត្ថបទ

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមជ្រុលនិយមមួយចំនួន នៅក្នុងប្រទេសថៃ និងក្រុមជ្រុលនិយមកម្ពុជានៅក្រៅប្រទេស បានបំផុសបំផុលអំពីបញ្ហាកោះគុតឡើងវិញ​ ដើម្បីធ្វើឱ្យប្រជាជនប្រទេសទាំងពីរ ជាពិសេសអ្នកជាតិនិយម ផ្ទុះជម្លោះទៅវិញទៅមក បង្កបញ្ហាស្មុគស្មាញសម្រាប់រដ្ឋាភិបាលប្រទេសទាំងពីរ។អាចជារូបភាពនៃ 2 នាក់ និង អត្ថបទ

«នៅក្នុងប្រទេសថៃ ក៏មានក្រុមជ្រុលនិយមមួយក្រុម បង្កើតឡើងរឿងកោះគុត ឥឡូវនៅនៅក្នុងប្រទេសរបស់យើង ត្រូវបានក្រុមនិយមជ្រុលនៅក្រៅប្រទេសអំពាវនាវ ឱ្យធ្វើបាតុកម្ម ដើម្បីទាមទារយកកោះគុត»។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន។

បើតាមសម្តេចតេជោ កាលពីឆ្នាំ១៩៩០ សម្តេច និងសម្តេចពិជ័យសេនា ទៀ បាញ់ ធ្លាប់ទៅទស្សនាកោះគុតរួចហើយ នៅពេលសម្តេចបានចុះហត្ថលេខាបង្កើត ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ FNC នៅទីក្រុងបាងកក។ សម្តេចថ្លែងថា «តំបន់នេះ គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយដែលតំបន់នេះ តាំងពីជំនាន់អតីតនាយករដ្ឋមន្រ្តី ឆាត់ឆៃ ឈុនណាវ៉ាត់ បានចរចាពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ»។អាចជារូបភាពនៃ 8 នាក់, ប្រាសាទ និង អត្ថបទ

សម្តេចថា អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានមកជួបសម្តេចនៅផ្ទះរបស់សម្តេចក្រុងតាខ្មៅ ដើម្បីពិភាក្សាអំពីការខួងយកប្រេង នៅតំបន់ត្រួតស៊ីគ្នានេះ ហើយនៅឆ្នាំ២០០១ កម្ពុជា-ថៃ បានបង្កើតនូវអនុស្សារណៈយោគយល់គ្នា។ សម្តេចបន្តថា «រហូតមកដល់ពេលនេះ មានរយៈពេល២៣ឆ្នាំហើយ មិនទាន់បានជជែកគ្នា លម្អិតណាមួយនៅឡើយទេ ដោយសារយើងបង្កើតគណៈកម្មការពីរ គឺមួយបង្កើតគណៈកម្មការទាក់ទងនឹងព្រំដែន និងមួយទៀតអនុគណៈកម្មការ ទទួលបន្ទុកជជែកអំពីការធ្វើអាជីវកម្ម នៅក្នុងតំបន់ត្រួតស៊ីគ្នា»។

អាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់ និង អត្ថបទ

សម្តេចបានបញ្ជាក់បន្តថា «ឥឡូវនេះគេកំពុងធ្វើឱ្យប្រជាជនរុញរដ្ឋាភិបាលដើម្បីប្តឹងទៅតុលាការអន្តរជាតិ ដំបៅមិនឈឺយកឈើចាក់ រឿងគេកំពុងជជែកគ្នា ហើយយើងមករុញ តើនេះជាអ្វីទៅជាអំពើអ្វី ដែលម្តងហើយម្តងទៀត រុញឱ្យប្រជាជនមិនបានសេចក្តីសុខណាមួយ តាមរយៈការបង្កើតចលនាប្រឆាំង ​តើដល់ពេលវេលា ដែលរាជរដ្ឋាភិបាល ឬអ្នកតាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ ដាក់ក្រុមនេះទៅជាក្រុមភេរវកម្មហើយ ឬនៅ? នេះជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំ និងអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថាតើ ​ដល់ពេលហើយឬនៅ? ព្រោះនេះមានចរិតអុចអាល ដែលនាំទៅដល់ការផ្ទុះអាវុធរវាងកម្ពុជា និងថៃតែម្តង មិនគ្រាន់តែជាបញ្ហាផ្ទៃក្នុងកម្ពុជានោះទេ ក៏ប៉ុន្តែវាជារឿងដែលអាចឈានទៅដល់ការផ្ទុះអាវុធ ប្រសិនបើយន្តការនៃទំនាក់ទំនងកំពុងធ្វើដំណើរ ដោយមិនទាន់ដល់ការសម្រេចចិត្តណាមួយទាំងថៃ និងទាំងខាងយើង អត់ទាន់ឈានដល់ការសម្រេចចិត្តណាមួយទេ ហេតុអ្វីបានជាគេរុញធ្វើរឿងនេះ ហើយជំរុញឱ្យមានបាតុកម្មនៅទូទាំងប្រទេស អញ្ចឹងទេ សូមបងប្អូនប្រជាពលរដ្ឋពិចារណា ជ្រើសរើសយកមួយណារវាងការញុះញង់ឱ្យមានអំពើហិង្សា ទាំងក្នុងជាតិ និងជាមួយប្រទេសជិតខាង»។

អាចជារូបភាពនៃ 8 នាក់, ជើងតម្កល់ និង អត្ថបទ

សម្តេចបានរំលឹកអំពីស្លាកស្នាមនៃសង្គ្រាមរវាងកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ នៅប្រាសាទតាក្របី កាលពីឆ្នាំ២០០៨ ដែលពេលនោះ គឺមានការរុញច្រានដោយ ក្រុមជ្រុលនិយមថៃ និងកម្ពុជាដូចគ្នា ដែលបានបង្កជាវិនាសកម្ម និងការព្រាត់ប្រាស់យ៉ាងធ្ងន់ធ្ងរ។

សម្តេចបានបញ្ជាក់ថា «ឥឡូវអ្នកជ្រុលនិយមនៅប្រទេសថៃ និងអ្នកជ្រុលនិយមនៅប្រទេសកម្ពុជាដែលជ្រកកោននៅប្រទេសក្រៅ គួរធ្វើរឿងនេះបន្តទៀត ឬក៏ឱ្យមានសេចក្តីសុខជាមួយគ្នាសិន ដោះស្រាយនៅតែដោះស្រាយ​ប៉ុន្តែត្រូវធ្វើដោយការចរចា យើងមិនទាន់អស់លទ្ធភាព នៃការចរចាទ្វេភាគីនៅឡើយទេ»។

អាចជារូបភាពនៃ 9 នាក់ និង អត្ថបទ
សម្តេចបានចោទសួរថា តើការប្តឹងទៅតុលាការអន្តរជាតិ នឹងអាចយកឈ្នះបានទេ? ផ្ទុយទៅវិញបានត្រឹមមើលមុខគ្នាមិនត្រង់រវាងប្រទេសជិតខាង។ សម្តេចអះអាងថា សម្តេចមានបទពិសោធន៍គ្រប់គ្រាន់ លើការគ្រប់គ្រងរដ្ឋ ដឹកនាំរដ្ឋដឹកនាំប្រទេស ដែលនៅលើភពផែនដីនេះ មិនមាននរណាដែលដឹកនាំបានយូរជាងសម្តេចនោះទេ។ ៣៨ឆ្នាំ នៃការធ្វើនាយករដ្ឋមន្រ្តី ហើយបើគិតពីការធ្វើឧបនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី មានរយៈពេលជាង៤០ឆ្នាំ ហើយឥឡូវនេះសម្តេចនៅធ្វើជាប្រធានព្រឹទ្ធសភានៅឡើយ។ សម្តេចដឹកនាំតាំងពីប្រជាជនអត់បាយ មកជាមានបាយទទួលទាន ដឹកនាំតាំងពីសង្គ្រាមមកជាសន្តិភាព។

អាចជារូបភាពនៃ 6 នាក់ និង អត្ថបទ

សម្តេចបានបញ្ជាក់ថា ក្នុងបទពិសោធន៍ដឹកនាំជាង៤០ឆ្នាំមកនេះ សម្តេចបានមើលឃើញកត្តាធំ២ចំណុច ដែលធ្វើឱ្យប្រទេសអាចលូតលាស់ទៅមុខបាន នោះគឺទី ១៖ ស្ថិរភាពផ្ទៃក្នុង និងទី២៖ ទំនាក់ទំនងជាមួយប្រទេសជាតិខាងល្អ។ សម្តេចសង្ឃឹមថា អ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ ទុកលទ្ធភាពឱ្យរដ្ឋាភិបាល នៅប្រទេសថៃ ធ្វើការចរចាផងដែរ៕

អាចជារូបភាពនៃ 4 នាក់ និង អត្ថបទ

ពត័មានពេញនិយម