ខេត្តកណ្ដាល៖ បុរសម្នាក់បានឈ្លោះប្រកែកគ្នាជាមួយនឹងអ្នកជិតខាង ហើយទប់កំហឹងមិនបាន ក៏ដកកាំភ្លើងបាញ់ប្រហារទៅលើជនរងគ្រោះ២នាក់ប្ដីប្រពន្ធ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង២នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងបរិវេណផ្ទះជួលមួយកន្លែង តាមផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានជនសង័្សយម្នាក់ បានទាស់ពាក្យសម្ដីគ្នាជាមួយនឹងបុរសម្នាក់ស្នាក់នៅបន្ទប់ជួលជាប់គ្នា។ លុះពេលពួកគេបានឈ្លោះប្រកែកយ៉ាងតឹងសរសៃកដាក់គ្នានោះ ស្រាប់តែជនសង័្សយ បានដកកាំភ្លើងបាញ់ប្រហារទៅលើជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ បណ្ដាលឲ្យរងរបួសធ្ងន់ទាំ២នាក់។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និង កម្លាំងនគរបាលខេត្តកណ្ដាល បានចេញទៅធ្វើអន្តរាគមន៍ ឃាត់ខ្លួនខ្មាន់កាំភ្លើង ដែលជាជនដៃដល់ នាំទៅសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និង ចាត់ការតាមផ្លូវច្បាប់៕