រាជធានីភ្នំពេញ៖ បុរសម្នាក់ទើបនឹងចេញពីផឹកស្រវឹង បានបើករថយន្ដបុករ៉ឺម៉កអេតចាយ ហើយបានបញ្ចេញកំហឹងដាក់អ្នកឈរមើល បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បានបើករថយន្ត ម៉ាក Lexus 450 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-7745 តាមបណ្ដោយផ្លូវលេខ១០៥ នៅក្នុងទិសដៅពីជើងទៅត្បូង ទាំងស្ថានភាពស្រវឹង។ លុះពេលគាត់បានបើករថយន្ដ មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករ៉ឺម៉កអេតចាយមួយគ្រឿង ដែលចតចោល នៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។ ឃើញហេតុការណ៍បែបនេះ មានបុរសម្នាក់ ក៏បានដើរទៅឈរមើល ស្រាប់តែអ្នកបើកបររថយន្ដបង្ក បានចុះពីលើរថយន្ដរបស់ខ្លួន មកជេរប្រមាថទៅលើបុរសម្នាក់នោះ ហើយបានបង្កទៅជាជម្លោះ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាទៅលើគាត់ ទើបអ្នកឃើញហេតុការណ៍ម្នាក់នោះបានតដៃវិញ បណ្ដាលឲ្យអ្នកបើកបររថយន្ដបង្ករបួស។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅនាំភាគីទាំង២ ហើយយកទាំងរថយន្ត និង រ៉ឺម៉ក រួមទាំងអ្នកឃើញហេតុការណ៍ផ្សេងៗទៀត មកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹត និង ដោះស្រាយតាមនីតិវិធី៕