រាជធានីភ្នំពេញ៖ ជនសង័្សយម្នាក់ បានចូលទៅលួចកាច់សោ.កម៉ូតូរបស់នារីវ័យក្មេងម្នាក់ ហើយបានបណ្ដើរចេញពីផ្ទះរបស់នាង បានចម្ងាយប្រហែល២០ម៉ែត្រ តែប៉ះចំថ្ងៃអង្សា ត្រូវបានអ្នកជិតខាងប្រទះឃើញ នាំគ្នាដេញតាមចាប់បាន កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមនារីរងគ្រោះ ឈ្មោះ រដ្ឋ ដាលីន អាយុ២៥ឆ្នាំ មុខរបរជាអ្នកលក់តាមអនឡាញ ស្នាក់នៅកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលហេតុ នាងបានចាក់សោកម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-3040 ទុកនៅមុខផ្ទះដូចសព្វមួយដង។ លុះមកដល់វេលាកើតហេតុ ស្រាប់តែលេចមុខជនសង័្សយម្នាក់ បានចូលមកធ្វើសកម្មភាពកាច់សោកម៉ូតូរបស់នាងបានសម្រេច ហើយបណ្ដើរម៉ូតូរបស់នាងចេញពីផ្ទះ។ ប៉ុន្ដែភ្លាមៗនោះ មានអ្នកជិតខាងបានប្រទះឃើញ ទើបពួកគាត់ស្រែកថា ចោរៗ! ហើយបាននាំគ្នាដេញតាមចាប់ជនសង័្សយបានមួយរំពេច រួចហើយបានរាយការណ៍ទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២។
ក្រោយពេលចាប់ខ្លួនរួចមក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានចុះមកនាំខ្លួនជនសង័្សយ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់៕