ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ

2 ម៉ោងមុន

 


មានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៖ កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ» នៅ Raffles Hotel Le Royal នាព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានបញ្ជាក់ពីគុណប្រយោជន៍ និងគោលដៅនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់អាទិភាព ដោយមានក្រសួងមុខងារសាធារណៈ ជាសេធិការ ក្នុងការសម្របសម្រួល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ៖​ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ ប៉ុន្តែគឺជាការពង្រឹងស្ថាប័នឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា “ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មិនមែនជាការងារថ្មីទេ ប៉ុន្តែក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ គ្រប់ក្រសួង ស្ថាប័ន ត្រូវធ្វើទាំងអស់គ្នា ស្របពេលជាមួយគ្នា ហើយក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការងារនេះមិនមែនជាការងារដែលធ្វើឡើងដោយចៃដន្យនោះទេ តែជាការងារដែលធ្វើឡើងដោយមានការគិតគូរច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលបានតម្រង់ទិសពីរាជរដ្ឋាភិបាល និងជាមូលដ្ឋានកំណត់ក្នុងស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធភាពនៃការរៀបចំ និងអនុវត្តមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយផ្អែកលើអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ភាពជោគជ័យនៃការធ្វើវិភាគមុខងារ របស់ក្រសួង ស្ថាប័ន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការពង្រឹងភាពធន់ និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ក្រសួង ស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀត ឆ្ពោះទៅការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០៕

ពត័មានពេញនិយម