ខេត្តកណ្ដាល៖ លោកស័ក្ដិ៥ម្នាក់ មានតួនាទីជាប្រធានសាខាប្រមូលថវិកាចំណូល នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ធ្លាប់ទាស់ពាក្យសម្តីគ្នាជាច្រើនលើកច្រើនសា ហើយបានខឹងសម្បាដល់បុរសស្រ្ដី២នាក់ប្តីប្រពន្ធទៅរករឿងដល់ក្នុងបន្ទប់ជួលរបស់ខ្លួន ក៏ដកកាំភ្លើងខ្លីបាញ់ប្រហារ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ជួលលេខ៣ ស្ថិតក្នុងភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង ថា ជនសង័្សយ ឈ្មោះ សយ សុផានី ភេទប្រុស អាយុ៥៩ឆ្នាំ មានឋានន្ដរស័ក្ដិវរសេនីយ៍ឯក និង មានតួនាទីជាប្រធានសាខាប្រមូលថវិកាចំណូល នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ រីឯជនរងគ្រោះជាប្ដី ឈ្មោះ ស៊ាង តូម៉ា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរលក់កង់បី ហើយមានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សីលិច ក្រុងតាខ្មៅ ខេត្ដកណ្តាល បានរងរបួសចំនួន៣គ្រាប់ និង ប្រពន្ធឈ្មោះ ជា សុភី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយប្ដី រងរបួសចំនួន១គ្រាប់។
បើតាមសម្ដីរបស់អ្នកជិតខាង បានឲ្យដឹង ថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ រួមទាំងចៅ បានមកជួលបន្ទប់លេខ២ នៅជាប់គ្នាជាមួយនឹងបន្ទប់របស់ជនដៃដល់។ ពួកគេទាំង២ភាគី តែងតែទាស់ពាក្យសម្ដីគ្នាជាញឹកញាប់។ លុះមកដល់យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈជនដៃដល់ កំពុងតែអង្គុយសរសេររបាយការណ៍ នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានជិះម៉ូតូកង់បី(Pass App) របស់ខ្លួន មកដល់បន្ទប់ទាំងមានសភាពស្រវឹង ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ និងស្រែកជេរ ដោយប្រើប្រាស់ពាក្យសម្ដី ថា «ហែងពូកែថ្លង់ អញធ្វើឲ្យថ្លង់» រួចក៏បិទទ្វារឮសូរខ្លាំង និង ស្រែកជេរបន្ថែមទៀត។
ប្រភពពដដែល បានបន្ដ ថា បន្ទាប់មក ជនដៃដល់ បានស្រែកហៅម្ទាស់ផ្ទះជួលឲ្យជួយមកមើល ស្រាប់តែជនរងគ្រោះ បានដើរចេញមកក្រៅ ហើយស្រែកជេរឮៗ ទើបនាំឲ្យប៉ះសម្ដីគ្នាជាមួយនឹងជនសង្ស័យ។ ភ្លាមៗនោះ ជនរងគ្រោះ បានដើរចូលទៅក្នុងបន្ទប់របស់ជនសង្ស័យ ទើបជនសង័្សយ ដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះទាំងពីរ ចំនួន៤គ្រាប់ បណ្ដាលឲ្យរងរបួសដេកដួល នៅមុខបន្ទប់។
ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានចុះទៅឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង នាំទៅកាន់អធិការដ្ឋាននគរបាល ដើម្បីសាកសួរ និង កសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ជនដៃដល់ បានសារភាព ថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធទើបនឹងមកពីផឹកស៊ីស្រវឹង បានជេរប្រទេចមកលើគាត់ ដោយពុំមានមូលហេតុ ហើយថែមទាំងបានរករឿងគាត់ ដល់ក្នុងបន្ទប់។ ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យគាត់ខឹងសម្បាយ៉ាងខ្លាំង ក៏ទាញកាំភ្លើង បាញ់ប្រហារទៅលើជនរងគ្រោះតែម្ដងទៅ៕