ខេត្តសៀមរាប៖ បុរសម្នាក់បានបើករថយន្ដស៊េរីទំនើបយ៉ាងលឿន ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងរថយន្ដស៊េរីចាស់មួយគ្រឿងផ្សេងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ និង ១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្ដុបសួនព្រះរាជដំណាក់ តាមរុក្ខវិថីព្រះសីហនុ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បានបើករថយន្ដ ម៉ាកហាមមឺរ អេចធូ (Hummer H2) ពណ៌ស ពាក់ស្លាកលេខ កម្ពុជា T.9909.T តាមបណ្ដោយរុក្ខវិថីព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត។ ស្របគ្នានេះដែរ ក៏មានបុរសម្នាក់បានបើករថយន្ដស៊េរីចាស់ ម៉ាកមីតស៊ុយប៊ីស៊ី ទ្រីតុន (Mitsubishi Triton) ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 20 2-0888 នៅក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលរថយន្ដហាមមឺរ ដែលត្រូវបានគេអះអាង ថាជារថយន្ដរបស់លោកស្នងការរងម្នាក់ បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងរថយន្ដ ម៉ាកមីតស៊ុយប៊ីស៊ីទ្រីតុន បណ្ដាលឲ្យរថយន្ដស៊េរីចាស់មួយគ្រឿងនេះ រងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ។ ប៉ុន្ដែករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះទៅវាស់វែង ហើយដកហូតរថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅទីស្នាក់ការណ៍នៅតាមមាត់ស្ទឹង ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ៕