ខេត្តតាកែវ៖ ក្រោយពេលមន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា មានទីតាំងស្រុកបាទី ខេត្តតាកែវ បានចាក់ថ្នាំ បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ រួចហើយដឹកសាកសពទៅប្លុងចោលនោះមក ករណីកំពុងតែនាំឲ្យការរំជើបរំជួល និង រិះគន់យ៉ាងខ្លាំង ដល់ទង្វើអមនុស្សធម៌របស់គ្រូពេទ្យទាំង២នាក់ប្ដីប្រពន្ធ ដែលជាម្ចាស់មន្ទីរពេទ្យឯកជនមួយនេះ ប៉ុន្ដែឥឡូវមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ក៏បានចេញនូវចំណាត់ការយ៉ាងម៉ឺងម៉ាត់បំផុតទៅលើទីតាំងមួយនេះ។
មន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ នៅក្នុងសេចក្ដីបំភ្លឺព័ត៌មានរបស់ខ្លួន កាលពីថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីករណីស្លាប់របស់ស្ត្រី ឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ នៅទីតាំងផ្តល់សេវាសុខាភិបាលឯកជនឥតច្បាប់ ឈ្មោះ សុងហាក់ ម៉ារីណា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាប ថា៖ ក្រោយបានទទួលព័ត៌មាន នៃការស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ អាយុ៤១ឆ្នាំ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានចាត់តាំងមន្ត្រីជំនាញ ចុះស្រាវជ្រាវ និង ចាត់វិធានការភ្លាមជាបន្ទាន់ ដោយរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច៖
១.បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ ឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យមានសកម្មភាពជាដាច់ខាត។
២.អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរ និង ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
៣.មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និង ក្រុមការងារអធិការកិច្ចក្រសួងសុខាភិបាល ស្រាវជ្រាវ និង ចាត់វិធានការ ចំពោះជនបង្ករតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ក្នុងនាមរដ្ឋបាលខេត្តតាកែវ សូមប្តេជ្ញាចិត្ត ចំពោះមុខក្រសួងសុខាភិបាល បន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និង ចាត់វិធានការយ៉ាង តឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និង សោកស្តាយបំផុតជាមួយក្រុមគ្រួសារសព និង សូមវិញ្ញាណក្ខន្ធ នៃសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ…។
បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹង ថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ រួមជាមួយក្មួយស្រី ឈ្មោះ ណូន សៀវហ្វាន អាយុ៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារ ថា គាត់ទៅរកគ្រូពេទ្យ ដើម្បីឲ្យចាក់ថ្នាំព្យាបាលជំងឺរបស់គាត់។ ចាប់តាំងពីគាត់បានចាកចេញពីផ្ទះ រហូតដល់យប់ជ្រៅ ក៏នៅតែមិនឃើញស្រីរងគ្រោះ វិលត្រឡប់មកវិញ។ ប៉ុន្ដែដោយសារតែការបាត់ជនរងគ្រោះ មានរយៈពេលយូរ ហើយមិនឃើញត្រឡប់មកផ្ទះវិញនោះ ក្រុមគ្រួសារក៏មានការព្រួយបារម្ភយ៉ាងខ្លាំង ទើបនាំគ្នាតាមរកជនរងគ្រោះ រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ នៅក្នុងព្រៃ នាខាងត្បូងភូមិ ដោយឃ្លាតពីផ្ទះរបស់គ្រូពេទ្យ មានចម្ងាយប្រហែល៣០០ម៉ែត្រ តែមិនឃើញជនរងគ្រោះនោះឡើយ។
ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រុមគ្រួសាររបស់ជនរងគ្រោះ បានព្យាយាមដើរតាមរកជនរងគ្រោះ អស់រយៈពេលជាច្រើនម៉ោង នៅតែរកមិនឃើញ ទើបនាំគ្នាមកសម្រាកវិញ ដោយក្ដីព្រួយបារម្ភ អំពីសុវត្ថិភាពរបស់ជនរងគ្រោះ។ លុះមកដល់វេលាម៉ោង៥ និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែប្រជាពលរដ្ឋ បានប្រទះឃើញសាកសពរបស់ស្រ្ដីរងគ្រោះ និង ក្មេងស្រីម្នាក់ កំពុងតែអង្គុយនៅក្បែរសាកសព នៅជិតគុម្ពសង្កែ នៅក្បែរផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា ក្រោយពេលមានសេចក្ដីរាយការណ៍បែបនេះ កម្លាំងកងរាជអាវុធហត្ថស្រុកបាទី និង កម្លាំងនគរបាលស្រុក បានចុះដល់ទីតាំងកើតហេតុ ហើយមន្រ្ដីជំនាញ និង ក្រុមគ្រូពេទ្យ បានធ្វើកោសល្យវិច័យទៅលើសាកសពរបស់ជនរងគ្រោះ។ ជាលទ្ធផល នៃការពិនិត្យ និង កោសល្យវិច័យនោះ ក្រុមមន្រ្ដីជំនាញ បានរកឃើញ ថា ស្រ្ដីរងគ្រោះ បានស្លាប់ ដោយសារតែប្រតិកម្មជាមួយនឹងការចាក់ថ្នាំ។ បន្ទាប់មក សមត្ថកិច្ចក៏បានស្រាវជ្រាវបន្ដតាមជំនាញរបស់ខ្លួន រហូតឈានដល់ការឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពសុងហាក់ម៉ារីណា ទាំងពីរនាក់ប្ដីប្រពន្ធ ដោយប្ដីឈ្មោះ ហៀង សុងហាក់ អាយុ៣៧ឆ្នាំ មុខរបរជាគ្រូពេទ្យ និង ប្រពន្ធឈ្មោះ ស៊ុន ម៉ារីណា អាយុ៣៩ឆ្នាំ មុខរបរជាគ្រូពេទ្យ ធ្វើការនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។ ពួកគេទាំង២នាក់ មានទីលំនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង័្សយទាំង២ ទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និង កសាងសំណុំរឿង ចាត់ការតាមផ្លុវច្បាប់។ ដោយឡែក សាកសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕